ភ្នំពេញ៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង និងភរិយា គ្រោងនឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីបារាំង នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង ព្រមទាំងជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះ លោក ម៉ាក្រុង ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីប្រកាសបិទបញ្ចប់គម្រោងជួសជុល និងកែលម្អប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងខេត្តសៀមរាបផងដែរ។
យោងតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង នាពេលនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីបារាំងពីររូប គឺលោក ឆាល ដឺហ្គោល (Charles de Gaulle) ក្នុងឆ្នាំ១៩៦៦ និងលោក ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) ក្នុងឆ្នាំ១៩៩៣។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ កម្ពុជា និងបារាំង គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា និងបារាំង ព្រមទាំងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍ និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕



