នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ញ៉ែម សារី និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែលប្រព្រឹត្តទៅនៅបរិវេណសួនច្បារមាត់ទន្លេវ៉ៃគោ(ទំនប់តាណេង ច្រាំងតាបុល)ក្រុងស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន មន្ទីរ/អង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករក្នុងស្រុក និងតំណាង មកពីវិស័យឯកជននានាជាច្រើនរូបទៀត និងមានការចូលរួមពីសិប្បកម្ម និងសហគ្រាសសចំនួន ១៨ស្តង់។
លោកអភិបាលរងខេត្តបានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងទាំងអស់ លោក ពិតជាមានសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមគំនិតរៀបចំ បង្កើតយុទ្ធនាការផលិតផលជាតិ #MadeInCambodia នាពេលនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ និងខ្មែរប្រើប្រាស់ផលិតផលខ្មែរ»។ យុទ្ធនាការនេះ មិនត្រឹមតែជាការបង្កើតទីផ្សារនិង ឱកាសបង្ហាញផលិតផល ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាង សំខាន់ក្នុងការលើកកម្ពស់គុណតម្លៃ និងស្តង់ដាផលិតផលខ្មែរ ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព អាចប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ គាំទ្រដល់អាជីវករ និងផលិតករក្នុងស្រុក ក្នុងការបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ ជាពិសេសជំរុញសេដ្ឋកិច្ចខេត្តស្វាយរៀង និងសេដ្ឋកិច្ចជាតិ។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានសម្របសម្រួល ផ្តល់ទីតាំងក្នុងការរៀបចំ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ព្រមទាំងបានអរគុណ ដល់តំណាងសិប្បករ ផលិតករក្នុងស្រុក សហគ្រាសធុនតូច និងមធ្យម និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមនាពេលនេះ។ជាមួយគ្នានេះដែរ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ និងឯកជន ជាពិសេស រវាងសហគ្រាសក្នុងស្រុក និងបណ្តាញផ្សារទំនើប ម៉ាត និងមីនីម៉ាត ក្នុងការលើកកម្ពស់ផលិតផលជាតិ។ លោកជំទាវ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយ និងគាំទ្រការនាំចេញផលិតផលជាតិនៅនឹងកន្លែង។ ការរៀបចំយុទ្ធនាការនេះមិនត្រឹមតែមានអត្ថន័យ យ៉ាងជ្រាលជ្រៅ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងចេញនូវ “ស្មារតីស្នេហាជាតិ ស្រឡាញ់ផលិតផលជាតិ និងការគាំទ្រដល់កសិករ និង ផលិតករខ្មែរ” យ៉ាងពិតប្រាកដ។
លោកជំទាវរដ្ឋលេខាធិការក៏បានជម្រាបជូនថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ បន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និង លើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និង អនុលោមភាព។ យុទ្ធនាការនេះ ក៏នឹងផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិត ក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពី តម្រូវការទីផ្សារ ស្តង់ដា និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ាត និង មីនីម៉ាតបាន។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នឹងរៀបចំធ្វើនៅទូទាំងប្រទេសកម្ពុជា ២៥ រាជធានី-ខេត្ត ដែលក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរ ដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ ដែលមកដល់ពេលនេះ មានផ្សារទំនើប ម៉ាត និងមីនីម៉ាតជាច្រើនទីតាំងក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះយ៉ាងផុលផុស៕




