នារសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សម្រាប់ត្រៀមលក្ខណៈអនុវត្តលើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខ៖ ១. ពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦, ២. ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦, ៣. កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវបេសកកម្មចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិទាំងនេះប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត៕




