លោក ហែម សារិទ្ធ ៖ នៅគ្រប់ឃុំទាំង១៦ នៃស្រុកស្វាយជ្រំត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋអោយបានល្អ
ស្វាយរៀង ៖ ព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ រដ្ឋបាលស្រុកស្វាយជ្រំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភ: ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលស្រុក និងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមអធិបតីភាពលោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក។
ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក តំណាងកងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យរចនាសម្ព័ន្ធរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំទាំង១៦។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក សង្កត់ធ្ងន់ថានៅគ្រប់ឃុំសូមខិតខំយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋអោយបានល្អ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ពិសេសការបង្ការបង្ក្រាបបទល្មើស ការលេងល្បែងស៊ីសងខុសច្បាប់នានានៅក្នុងស្រុក និងហាមមិនអោយអាជ្ញាធរ សមត្ថកិច្ច ជាប់ពាក់ព័ន្ធ បើមានសូមដកខ្លួនចេញជាបន្ទាន់។
គ្រប់ឃុំត្រូវខិតខំធ្វើការដោះស្រាយទំនាស់នៅមូលដ្ឋាននីមួយៗអោយអស់លទ្ធភាព ដោយឈរលើគោលការណ៍ឈ្នះៗទាំងអស់គ្នា។
ផ្សព្វផ្សាយ និងជម្រុញឲ្យប្រជាពលរដ្ឋ អោយមកទទួលវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ ដើម្បីធានា និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី (អូមីក្រុង)៕










