អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏វិសេសវិសាលនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្តេចក្រឡាហោម បានសម្តែងនូវអំណរគុណជាមួយការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើឱ្យខេត្តព្រៃវែងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនោះដែរ សម្តេចសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះនិវត្តជន និងអតីតយុទ្ធជនទាំងអស់ក្នុងខេត្តព្រៃវែង ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃនេះ។ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយបានកត់ត្រា និងចងចាំទុកជានិច្ចនូវគុណបំណាច់ និងស្នាដៃរបស់និវត្តជន និងអតីតយុទ្ធជន គ្រប់ៗជំនាន់។
សម្តេច មានប្រសាសន៍ថា ប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិតស៊ូដ៏អង់អាចក្លាហានប្រកបដោយស្មារតី មនសិការ និងឧត្តមគតិស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុឯករាជ្យជាតិ សង្គ្រោះជាតិចេញពី របបប្រល័យពូជសាសន៍ ការពារអធិបតេយ្យ និងបូរណភាពដែនដី ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងបុព្វហេតុជាតិមាតុភូមិ ទឹកដីអង្គរដ៏បវរ យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងប្រជាជនស៊ីវិលជាច្រើនបានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ប្រកបដោយវិរភាពដ៏ឧត្តុង្គឧត្តម។ ការធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីត យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺ បានរួមចំណែក យ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ហេតុនេះនិវត្តជន និងអតីតយុទ្ធជន គឺជាជនដែលមានស្នាដៃ និងគុណ បំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្ត ទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាម ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារៈ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេច សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ន យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ជូនចំពោះបងប្អូននិវត្តជន អតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាង សស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេច បានផ្តល់មតិផ្តាំផ្ញើមតិមួយចំនួនរួមមាន៖ បងប្អូននិវត្តជននិងអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គ ឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិ មាតុភូមិ ដើម្បីបន្តធ្វើជា គំរូល្អក្នុង សង្គមជាតិ។ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវ ចូលរួមក្នុងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្ត ទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ គ្រួសារនិវត្តជន និងអតីតយុទ្ធជន ដែលកំពុងជួប ប្រទះការលំបាក។ សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទី និវត្តជន និងអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូននិវត្តជននិង អតីតយុទ្ធជនអោយប្រកាន់ខ្ជាប់នូវ ស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិយើង៕



