កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថា តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ។
ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមការរាយការណ៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ៤៥,៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម និងបានចំណាយថវិកាសរុបប្រមាណជិត១១៨លានដុល្លារ (១១៧,៦៥ លានដុល្លារ)។ ក្នុងនោះមួយផ្នែកធំបានមកពីឥណទានសម្បទាន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, និងមួយផ្នែកទៀត បានមកពីថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ (AC), កម្រាស់ ៩ សង់ទីម៉ែត្រ និង បេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ, មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤ (២ គន្លងទៅ និង ២ គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ, និងមានសួនពុះទ្រូងផ្លូវប្រវែង១,៥ ម៉ែត្រ។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) បង្ហាញថា គម្រោងនេះនឹងផ្តល់ផល ចំណេញខ្ពស់ ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាអត្រា ចំណេញខ្ពស់ពីការវិនិយោគលើគម្រោងកសាងផ្លូវជាតិ។
ត្រង់ចំណុចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ផ្លូវនេះមិនតម្រូវឱ្យប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវបង់កម្រៃនោះទេ ជាពិសេសក្រោយដំណើរការផ្លូវនេះ១០០% សេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ចាមកាន់តែមានភាពល្អប្រសើរឡើង តាមរយៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សម្ដេចបានមានប្រសាសន៍បន្ថែមថា កាលមុនប្រជាពលរដ្ឋនាំគ្នាគេចផ្លូវកំពង់ចាម ពិសេសអ្នកមកពីទិសឦសាន ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៨ និងលេខ១១។ ដោយឡែកការធ្វើដំណើរផ្លូវឆ្លងតាមស្ពានគីសូណា ឆ្លងកាត់ក្រុងកំពង់ចាម ឡើងទៅតាមស្គន់ ឆ្លងកាត់កំពង់សៀម ព្រៃឈរ គឺយឺត ព្រោះផ្លូវមិនទាន់ស្រួល។ ដូច្នេះការគណនាផលចំណេញ ១៥,២៧%នេះ ជាផលចំណេញពីការដឹកជញ្ជូន ដោយកាត់បន្ថយរយៈពេលធ្វើដំណើរ រយៈចម្ងាយ៤៥គីឡូជិះ ពីមុនប្រើពេលមួយម៉ោង ប៉ុន្តែឥឡូវអាចសល់តែកន្លះម៉ោងប៉ុណ្ណោះ។
សម្ដេចមហាបវរធិបតី បានថ្លែងបន្តថា ផ្លូវនេះ ក៏នឹងអាចជួយជំរុញកំណើនលើវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្ម នៅក្នុងខេត្តកំពង់ចាមផងដែរ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «តំបន់ទេសចរណ៍ជាច្រើន នៅក្នុងខេត្តកំពង់ចាម ក៏នឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើន តាមរយៈកំណាត់ផ្លូវជាតិលេខ៧នេះ។ ទឹកឆា ភ្នំប្រុសភ្នំស្រី នឹងអាចមានទេសចរកើន ព្រោះទេសចរបើបានទៅកន្លែងណាដែលមានផ្លូវលំបាកហើយស្ទះ គាត់នឹងមិនទៅទៀតទេ តែបើគាត់អាចទៅមកបានស្រួលគាត់នឹងទៅលេងទៀត»៕



