(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញកាត់ខ្សែបូដាក់ឲ្យដំណើរការផ្នែកលាងឈាម (Hemodialysis Unit) ដែលសហប្រតិបត្តការរវាង មន្ទីរពេទ្យខេត្តស្វាយរៀង និង ក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក។
ពិធីកាត់ខ្សែបូដាក់ឲ្យដំណើការផ្នែកលាងឈាមនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត , លោក Lin Nien Yu ដំណាងក្រុមហ៊ុន ហ្ស៍បាល់ហា ឯ.ក, លោក រៀម សុីណា ប្រធានការិយាល័យរដ្ឋាបាល-បុគ្គលិកមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងលោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីរពេទ្យ ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានអគារ និងមន្រ្តី បុគ្គលិក គ្រប់ផ្នែកទាំអស់នៃមន្ទីពេទ្យខេត្តស្វាយរៀង។
បើតាមមន្ត្រីនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងសេវាលាងឈាមទើបតែមានលើកដំបូងនៅមន្ទីរពេទ្យខេត្តស្វាយរៀងដូច្នេះប្រជាពលរដ្ឋ ដែលមានជំងឺត្រូវលាងឈាមមិនលំបាកដូចមុន ធ្វើដំណើរទៅឆ្ងាយនោះទេ គឺនៅទីរួមខេត្តស្វាយរៀងតែម្ដង។
ដំណឹងនេះធ្វើឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងអបអរសាទរ និងត្រេកអរយ៉ាងខ្លាំងដែលមន្ទីរពេទ្យខេត្តស្វាយរៀងមានម៉ាស៊ីនលាងឈាមដ៏ទំនើប និងអរគុណថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំខេត្តដែលតែងតែគិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋជាចម្បង៕




