ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្ត មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួង បានឃើញការផ្សព្វផ្សាយនិងចែកចាយនូវ «លិខិតចាប់បញ្ជូន លេខ ប្រក ៣៧៩ ចុះថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦» ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការបញ្ជូនបេក្ខជន ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងន័យនេះក្រសួងមហាផ្ទៃ បានធ្វើការបដិសេធចំពោះការផ្សព្វផ្សាយលិខិត ដែលជាលិខិតក្លែងក្លាយ ហើយក្រសួង កំពុងស្រាវជ្រាវដើម្បីស្វែងរកជនប្រព្រឹត្ត មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ដោយ៖ សិរី នាគ




