ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលដឹកនាំដោយបណ្ឌិត យ៉េត វីណល អគ្គលេខាធិការ គ.ល.ក.។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ល.ក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដានេះ ក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានបញ្ជាក់ពីការប្តេជ្ញាអនុវត្តយ៉ាង ម៉ឹងម៉ាត់បំផុតនូវបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)និងធានាមិនឱ្យកើតមានជាដាច់ខាតនូវបទល្មើសនេះ នៅទីតាំងនិងបរិវេណកាស៊ីណូ។
បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹងបន្តសហការជាមួយស្ថាប័ន អាជ្ញាធរ និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី ចុះត្រួតពិនិត្យទីតាំងនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ដែលមានការសង្ស័យ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្រាប់ផ្នែកចំណូល, គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានប្រមូលចំណូលកាតព្វកិច្ចពីល្បែងបង់ចូលថវិកាជាតិបានប្រមាណ ៥៣,៧% ធៀប នឹងច្បាប់ហិរញ្ញវត្ថុ។
ផ្អែកតាមវិធានការផ្នែកចំណូលជាធរមាន, អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប៉ាន់ស្មានថា ការប្រមូលចំណូលកាតព្វកិច្ចពីល្បែងនឹងសម្រេចបានតាមផែនការច្បាប់នៅដំណាច់ឆ្នាំនេះ។
ជាទិសដៅការងារបន្ត, អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានកំណត់អាទិភាពសំខាន់ៗ ជាលទ្ធផលគន្លឹះ ចំនួន ២៤ ដែលត្រូវសម្រេចក្នុងឆមាសទី២ ឆ្នាំ២០២៦។
លទ្ធផលគន្លឹះទាំងនេះ រួមមាន៖ ការបំពេញបន្ថែមលិខិតបទដ្ឋានដែលជាតម្រូវការចាំបាច់, ការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដែលកំណត់បែបបទនិងនីតិវិធី ការងារលម្អិត, ការអភិវឌ្ឍនិងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែងនិង ការតាមដានប្រតិបត្តិការល្បែងពាណិជ្ជកម្ម។
ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បាននិងកំពុងពង្រឹងយន្តការស្ថាប័នដោយកែសម្រួលនិងរៀបចំក្រុមការងារ ដែលត្រូវអនុវត្តសកម្មភាពគាំទ្រឱ្យការសម្រេចលទ្ធផលគន្លឹះខាងលើ ផ្អែកតាមមុខងារនិងភារកិច្ច, ក្នុងគោលដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុង ការផ្តល់សេវា និងការគ្រប់គ្រងវិស័យជាពិសេស ក្នុងអំឡុងពេលពិនិត្យនិងវាយតម្លៃការស្នើសុំបន្តអាជ្ញាបណ្ណរបស់ប្រតិបត្តិករ ក្នុងវិស័យល្បែងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធ៕



