ប្រកាសសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ
ព្រះវិហារ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។ក្នុងនោះបានជួបសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ។
នាឱកាសនោះមានការអញ្ជើញចូលរួមពីលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមក៏ជាអតីតអភិបាលខេត្តព្រះវិហារ ,លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ,លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងអស់លោកលោកមន្ត្រី អង្គភាព មន្ទីរ ចំណុះរដ្ឋបាលខេត្ត ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានរវាយតម្លៃខ្ពស់ចំពោះ ការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រះវិហារ លើកិច្ចការសប្បុរសធម៌ និងការងារសង្គមក្នុងខេត្ត។ អភិបាលខេត្តបានលើកទឹកចិត្តឱ្យមានការបន្តនូវវប្បធម៌សាមគ្គីភាព ឯកភាពជួយឧបត្ថម្ភគាំទ្រ និងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជាមួយគ្នាបន្តទៀត។
លោកបន្ថែមថា៖ «ស.ស.យ.ក ខេត្តព្រះវិហារ គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះវិហាររបស់យើង»។ក្នុងនោះ ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងផ្តល់ឱកាសដល់ ស.ស.យ.ក. សហការ និងចូលរួមក្នុងកិច្ចការងារបម្រើប្រជាជននាពេលកន្លងមក និងទៅអនាគត។
លោក ហ៊ុន ម៉ានី បានបន្តថា ទោះប្រឈមនិងហានិភ័យនៃជំងឺកូវីដ-១៩ ក្តី។ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព។ដោយស្មារតីរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ និងប្រជាជាតិនៅគ្រប់កាលៈទេសៈ។
ទោះឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម និងសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា គ្រប់រូប៕




