ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូងនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម កា ដា អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កា ដា បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ស ខេង ដែលបានចំណាយពេលវេលាទទួលជួបឯកឧត្តម និងបានយកឱកាសនេះជម្រាបជូនសម្ដេចក្រឡាហោម នូវសេចក្ដីថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខមរណភាពឯកឧត្តម ស៊ិន ហ្សូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន។

ឯកឧត្តម កា ដា បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថាក្រសួងយុត្តិធម៌ជប៉ុន កំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន-អាស៊ាន ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៣ និងជាកិច្ចប្រជុំលើកទី១ ដែលអាស៊ានមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាមួយប្រទេសក្រៅពីសមាជិកអាស៊ាន។

ឯកឧត្តម បានមានប្រសាសន៍ថាការចែករំលែកតម្លៃជាសកល ដូចជានីតិរដ្ឋ និងសិទ្ធិមនុស្ស មានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងនោះកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការចែករំលែកគុណតម្លៃជាសកលនេះ។ ដូច្នេះកិច្ចប្រជុំនេះត្រូវការចែករំលែកជាសាកលនានាក្នុងអាស៊ាន រួមទាំងកម្ពុជាផង។ ឯកឧត្តម សង្ឃឹមទទួលបានការគាំទ្រពីកម្ពុជា។

ឯកឧត្តម បានជម្រាបជូនសម្ដេចក្រឡាហោម អំពីវិស័យពន្ធនាគារ ដោយបានលើកឡើងថា អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស ហៅកាត់ថា UNAFEI កំពុងសហការរៀបចំសិក្ខាសាលាមួយនៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់និងយុត្តិធម៌។ ឯកឧត្តមសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងចាត់មន្រ្តីចូលរួម។

ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ស្ថិតក្រោមសមត្ថកិច្ចក្រសួងយុត្តិធម៌ជប៉ុនដែរនោះ ឯកឧត្តម កា ដា បានជម្រាបជូនសម្ដេចថាក្រសួងយុត្តិធម៌ជប៉ុន ក៏បានរៀបចំវេទិកាអន្តោប្រវេសន៍តូក្យូ ដោយមានការចូលរួមផ្លាស់ប្ដូរព័ត៌មានពីបណ្ដាប្រទេសអន្តរជាតិនានា។ ឯកឧត្តម បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនមន្រ្តីចូលរួមវេទិកានេះ ខណៈការៀបចំលើកទី២ នឹងធ្វើឡើងនៅចុងឆ្នាំនេះ ជាមួយក្ដីរំពឹងថារាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបញ្ជូនមន្រ្តីមកចូលរួម។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ឯកឧត្តមរួមទាំងប្រតិភូសម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងក្ដីសង្ឃឹមថា កិច្ចសហប្រតិប្រតិបត្តិការក្នុងវិស័យច្បាប់រវាងកម្ពុជា និងជប៉ុននឹងកាន់តែរីកចំរើន។

ជាមួយគ្នានេះ សម្ដេចបានសម្ដែងការសោកស្ដាយចំពោះការទទួលមរណភាពឯកឧត្តម ស៊ិន ហ្សូអាបេ ដែលបានរួមចំណែកផងដែរក្នុងវិស័យថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ សម្ដេច បានចាត់ទុកការបាត់បង់ឯកឧត្តម ស៊ិន ហ្សូអាបេ ថាជាការបាត់បង់មិនត្រឹមតែសម្រាប់ប្រជាជនជប៉ុននោះទេ ប៉ុន្តែក៏ជាការបាត់បង់ឥស្សរជនមួយរូបរបស់ពិភពលោកផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការច្បាប់និងវិស័យយុត្តិធម៌ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន-អាស៊ាន និងចាត់ទុកកិច្ចសហប្រតិបត្តិការនេះថាឱកាសដ៏ល្អក្នុងការចែករំលែកបទពិសោធន៍ជាមួយជប៉ុន ទាំងវិស័យយុត្តិធម៌ វិស័យពន្ធនាគារ និងវិស័យអន្តោប្រវេសន៍។

ចំពោះកិច្ចសហប្រតិបត្តិការវិស័យពន្ធនាគារ សម្ដេចក្រឡាហោម បានលើកឡើងថាជាការពិតណាស់ ការងារពន្ធនាគារនេះស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ហើយក្រសួងក៏មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ដែរ។ សម្ដេច បន្តថានៅកម្ពុជាបច្ចុប្បន្ន កំពុងមានការប្រឈមនឹងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានដាក់ចេញវិធានការផ្សេងៗ រួមមានការបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យជាតិផ្សេងៗ ការអនុវត្តទោសក្នុងសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ។

ពាក់ព័ន្ធនឹងការអនុវត្តទោសក្នុងសហគមន៍ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាសព្វថ្ងៃនៅកម្ពុជាមិនអាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជានឹងខិតខំធ្វើការងារនេះ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់រដ្ឋ ខណៈវិធានការដោះលែងដោយមានលក្ខខណ្ឌនោះ គឺជាការដោះលែងបន្ទាប់ពីអ្នកទោសអនុវត្តទោសបានមួយរយៈ ជាមួយនឹងការកម្រិតលក្ខខណ្ឌមួយចំនួន។ សម្ដេច បន្តថាវិធានការនេះ កំពុងតែស្ថិតក្នុងដំណាក់កាលអនុវត្តដកស្រង់បទពិសោធន៍។

ពាក់ព័ន្ធនឹងការងារក្នុងវិស័យអន្តោប្រវេសន៍វិញ សម្ដេចក្រឡាហោម បានបញ្ជាក់ថាពីមុន ការងារនេះស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិ តែដោយសារការងារនេះរីកកាន់តែធំទៅ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សម្ដេចបន្តថាសព្វថ្ងៃ ជនអន្តោប្រវេសន៍បរទេសកំពុងមានវត្តមាននៅកម្ពុជាប្រមាណ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងការងារនេះ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ សម្ដេចបានបន្តថា សម្ដេចក៏ត្រៀមខ្លួនចាត់បញ្ជូនមន្រ្តីចូលរួមកិច្ចប្រជុំ និងវេទិកាទាំងពីរនៅប្រទេសជប៉ុនដែលគ្រោងរៀបចំនៅចុងឆ្នាំនេះផងដែរ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអំពីការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានមានប្រសាសន៍ថាកាលពីពេលថ្មីៗនេះ កម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី។ សម្ដេចបានរំលឹកថាការបោះឆ្នោតលើកទី១ និងលើកទី២ រដ្ឋាភិបាលជប៉ុនបានចូលរួមគាំទ្រថវិកា៣លានដុល្លារ ហើយតាំងពីពេលនោះមកកម្ពុជាបានរៀបចំការបោះឆ្នោតនេះ៥ដងរួចមកហើយ ខណៈការផ្ទេរអំណាចទៅថ្នាក់មូលដ្ឋានត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយ ADB បង្កើត និងរៀបចំសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបណ្ដុះបណ្ដាល មន្រ្តីថ្នាក់ក្រោមជាតិ ក្នុងដំណើរលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ស្ថិរភាពជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចក៏សង្ឃឹមថា រដ្ឋាភិបាល និងប្រជាជនជប៉ុន និងបន្តគាំទ្រដំណើរការកំណែទម្រង់ដ៏មានសារសំខាន់នេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.