
ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់តាមបណ្ដឹងឈ្មួញឈើ និងមន្ត្រីបរិស្ថាន
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានឲ្យដឹងថា គេបានឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់តាមដីកាតុលាការបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ឈ្មួញឈើ និងមន្ត្រីបរិស្ថាន។
លោក សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមាន ជ័យ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃទី១២ កក្កដា ម្សិលមិញនេះថា ដោយសហការជាមួយនគរបាលខេត្តកំពង់ធំគេបានចាប់ខ្លួនឈ្មោះ ហ៊ាង លី ហាក់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជាអ្នកសារព័ត៌មាន មាន ទីលំនៅ បច្ចុប្បន្ន ភូមិ កំពង់ ចិន ឃុំ កំពង់ ចិន ត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ កាលពី ម៉ោង ៨ យប់ ថ្ងៃ ទី ១១ ខែ កក្កដា ឆ្នាំ ២០២២ នៅផ្ទះ សំណាក់ មួយ ក្នុង ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។
លោកថា ការចាប់ខ្លួននេះធ្វើតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការខេត្តកំពង់ធំពាក់ព័ន្ធទៅនឹងអង្គហេតុមួយប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ ដែលដើមចោទគឺឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថានចោទឈ្មោះ ហ៊ាង លីហាក់ ពីបទជំរិតទារប្រាក់ ឬកំហែងយក។
សូមបញ្ជាក់ថា ជារឿយៗក្រុមអង្គការសង្គមស៊ីវិលក៏ដូចជាអ្នកកាសែតតែតែងភ្ជាប់វិនាសកម្មព្រៃឈើដ៏អាក្រក់នៅកម្ពុជាទៅនឹងមន្ត្រីបរិស្ថាន មន្ត្រីព្រៃឈើ និងឈ្មួញឈើល្មើសច្បាប់ ហើយជាញយដងក៏មានការតបមកវិញតាមរយៈការចាត់វិធានការច្បាប់ដោយប្រព័ន្ធតុលាការផងដែរទៅលើពួកអ្នករិះគន់ទាំងនោះបើទោះបីជាពួកគេបានបង្ហាញនូវតម្រុយគួរឲ្យសង្ស័យនៃបទល្មើសយ៉ាងណាក៍ដោយ។ ដែលវាជាការផ្ដល់លទ្ធភាពឱ្យមានការបន្តកាប់បំផ្លាញព្រៃឈើខ្មែរតាមរបៀបជិះសេះលែងដៃ(ឬហៅថាធ្វើមើលមិនឃើញរឺមិនដឹងឮអ្វីទាំងអស់នោះ)៕






