លោកជំទាវហ៊ុនសុីណាត រៀបចំឯកសារប្តឹងលោកផែងវណ្ណៈពាក់ព័ន្ធករណីញុះញង់ប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរ
ភ្នំពេញ ÷នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២នេះ យោងតាមលិខិតពាក្យបណ្ដឹង នាងខ្ញុំឈ្មោះ ហ៊ុនសុីណាត ភេទស្រីអាយុ ៦៧ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាស័យដ្ឋានផ្ទះលេខ៧៤ ផ្លូវលេខ ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមគោរពចូលមក ឯកឧត្តម ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នាងខ្ញុំកើតទុក្ខមិនសុខចិត្តសុំផ្តឹង ពីឈ្មោះ ផែង វណ្ណៈ ភេទប្រុសអាយុ ៥៣ ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល យោងមាត្រា ៤៩៤និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា លើវីដេអូរ ដែលបានឡាយអធិប្បាយ ដោយឈ្មោះ ផែងវណ្ណៈ ថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២២ ក្នុងផេកហ្វេសប៊ុកឈ្មោះ Pheng Vannak News ។


សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២២ ឈ្មោះផែងវណ្ណៈបានប្រើប្រាស់នយោបាយប្រព័ន្ធសោតទស្សន៍ ធ្វើការឡាយផ្ទាល់ ផ្សព្វផ្សាយជាសាធារណៈដល់មហាជនទូទៅ តាមរយៈ facebook ផេក របស់ខ្លួន ដោយភ្ជាប់គ្រួសារវង្សត្រកូល ហ៊ុន ទៅនឹងរឿងអាស្រូវ របស់ប្ដីប្រពន្ធឈ្មោះ ជឿន ចក់ នឹងឈ្មោះ ទ្រិញ ផល្លា ក្នុងចេតនាញុះញង់ឲ្យ ទស្សនិកជន ឬប្រជាពលរដ្ឋទូទៅ នៅក្នុងសង្គម មានការយល់ច្រឡំ និងស្អប់ខ្ពើមគ្រួសារត្រកូល ហ៊ុន របស់លោកជំទាវ ដែលមានបងប្រុសបង្កើត គឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្រាន់តែរឿងបញ្ហារូបថតសោះ គឺលោក ផែងវណ្ណៈ បកស្រាយអធិប្បាយ ទៅជាការចាត់ទុកច្បាប់ស្រុកខ្មែរ គឺជាសំរាមទៅវិញ ។

លោកជំទាវហ៊ុនស៊ីណាត បានចោទជាសំណួរសួរថា តើការប្រើសំដីរបស់លោក ផែងវណ្ណៈនេះ ធ្វើឲ្យចំរើន ឬក៏ខាត អាប់ឱន ប៉ះពាល់ដល់កិត្តិយស គ្រួសាររបស់ត្រកូលហ៊ុន.ជាការពិតគឺលោក ផែងវណ្ណៈ មានបំណងចង់ឲ្យប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា រើសអើង ស្អប់ខ្ពើមដល់ត្រកូលគ្រួសារ ហ៊ុន និងធ្វើឲ្យសង្គម មានភាពវឹកវរ ចលាចលព្រោះតែលោក ផែងវណ្ណៈ បានដឹង និងស្គាល់ច្បាស់ហើយថា សម្តេចហ៊ុនសែន និងលោកជំទាវហ៊ុនស៊ីណាត ជាបងប្អូនបង្កើតនឹងគ្នា ស្ថិតនៅក្នុងត្រកូលហ៊ុនតែមួយ តែលោកផែងវណ្ណៈ មានចេតនា ដោយលើកយកជំនួប រវាងលោកជំទាវ និងឈ្មោះ ជឿន ចក់ រួមរូបថតដែលស្ត្រីឈ្មោះ ទ្រិញ ផល្លា បានថតជាមួយសម្ដេចហ៊ុនសែន ថ្នាក់ដឹកនាំកំពូល របស់ប្រទេសកម្ពុជា គឺដើម្បីញុះញង់ ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ថាត្រកូលហ៊ុនតែងតែផ្ដល់ឥទ្ធិពល ឬយកអំណាច កាងការពារដល់អ្នកកំពុងមានវិវាទឈ្លោះគ្នា នឹងធ្វើជាខ្នងបង្អែកដាក់សម្ពាធ ទៅលើសមត្ថកិច្ច អ្នកអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌តុលាការ ។
ជាមួយគ្នានេះដែរ លោកផែងវណ្ណៈក៏បានដឹងច្បាស់ហើយថាឈ្មោះ ទ្រិញផល្លា ជាស្ត្រីដែលមហាជន និងអ្នកលេងបណ្ដាញសង្គមស្ទើរតែ ១០០ភាគរយ មិនចូលចិត្តស្អប់គាត់ រហូតបញ្ចេញមតិយោបល់ ដោយជេតិ:ដៀល ប្រមាថដោយកំហឹង ប៉ុន្តែលោកផែងវណ្ណៈ បែរជាខិតខំធ្វើអធិប្បាយដដែលៗ ក្នុងចេតនារំលេច យកសម្ដេច ហ៊ុនសែន ជាថ្នាក់ដឹកនាំកំពូល ភ្ជាប់ទៅនឹងស្ត្រី ឈ្មោះទ្រិញ ផល្លា ដើម្បីធ្វើឲ្យមហាជនទូទៅមានការជឿជាក់ទម្លាក់កំហុស ភ័ន្តច្រឡំ ថាសម្ដេច មានភាពស្និទ្ធស្នាល និងយកខ្លួនទៅការពារ ស្ត្រីលក់អនឡាញ ដែលស្លៀកពាក់ស៊ិចស៊ីមិនចេះអៀនខ្មាស់នោះ ធ្វើឲ្យប្រជាពលរដ្ឋទូទៅ ស្អប់មិនចូលចិត្ត ក្រុមគ្រួសារត្រកូល ហ៊ុន ។
លោកជំទាវបានបន្ថែមថា ខ្ញុំពិតជាឈឺចាប់សៅហ្មងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នឹងស្ដាប់ឮនូវការអធិប្បាយទម្លាក់កំហុស ទាំងអសុទ្ធចិត្តរបស់លោក ផែង វណ្ណៈមកលើលោកជំទាវ និងក្រុមគ្រួសារត្រកូល ហ៊ុន ព្រោះថាសម្ដីស្រែកឡោងៗ ខ្លាំងៗ យ៉ាងគឃ្លើន របស់លោក ផែងវណ្ណៈ គឺបើប៉ះចំអ្នកណា អ្នកនោះគឺមួរហ្មង មិនសប្បាយចិត្ត មិនចង់ឮដែរ សូម្បីតែការប្រើពាក្យសម្ដី កាយវិការ ទឹកមុខរបស់គាត់ ហាក់បីដូចជាគ្មានអ្នកណាចេះ ខ្លាំង ឬធំលើសគាត់ គាត់តាំងខ្លួនដូចជាអធិរាជដ៏មានឥទ្ធិពលដូច្នោះឯង ។
ជាចុងក្រោយលោកជំទាវ ហ៊ុនស៊ីណាត សំណូមពរ ឲ្យឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ផែងវណ្ណៈ ដើម្បីផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរតាមផ្លូវច្បាប់ និងឲ្យឈ្មោះ ផែងវណ្ណ: សងសាហ៊ុយជំងឺចិត្តចំនួន ២០០លានរៀលផងដែរ ៕



