អធិការដ្ឋាននគរបាលស្រុកសំពៅលូន មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈ បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា ៖ថ្មីៗនេះ មានអាខោនហ្វេសប៊ុកឈ្មោះ Ree Ya មានការបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា “ផ្ញើទៅមេឆ្នោតឈ្មោះ ចែហៀង រឺ សៀវអីរនឹងផង ព្រមទាំងនិយាយខ្លឹមសារបន្ថែមថា មេឆ្នោតឈ្មោះ ហៀង នៅចំណុចទល់មុខបាយ័ន្តថ្មី ស្រុកសំពៅលូន បានជំពាក់លុយគាត់ចាក់លេខឆ្នោតត្រូវចំនួនមួយលានរៀលជាង តែមិនព្រមសង ” ពាក់ពន្ធ័បញ្ហានេះ ក្រោយពីឃើញមានការបង្ហោះ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងបានអញ្ញើញឈ្មោះ ញឹប សេងហ៊ាំង ហៅ ចែហៀង ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបានស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ តាមការបំភ្លឺរបស់ឈ្មោះ ញឹប សេងហ៊ាំង ហៅ ចែហៀង បានបំភ្លឺថា៖ នៅឆ្នាំ២០១៦ រូបគាត់ពិតជាបានលេងល្បែងស៊ីសងរកស៊ីលក់លេខឆ្នោតពិតប្រាកដមែន ហើយនៅថ្ងៃទីខែមិនចាំ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៣ អាខោនហ្វេសប៊ុកឈ្មោះ Ree Ya ជាអ្នកស្គាល់គ្នាយូមកហើយ ដែលអ្នកប្រើប្រាស់មានឈ្មោះ រស់ ភេទប្រុស(ភេទទី៣) អាយុប្រហែល ៤៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅប្រទេសថៃ បានឆាតមកទិញលេខឆ្នោត លេខ ៦០,០៦ មកហ្វេសប៊ុកឆាតរបស់គាត់ ស្មើនឹងទិញអស់ប្រាក់ចំនួន ៥៤.០០០ រៀល (ប្រាំម៉ឺនបួនពាន់រៀល) នៅពេលឈ្មោះ រស់ ឆាតមកទិញលេខឆ្នោតពីរូបគាត់នោះ ដោយគាត់រវល់មិនបានបើកមើលឆាតទេ ហើយឈ្មោះ រស់ ក៏មិនទាន់បានទូរទាត់ប្រាក់ថ្លៃទិញលេខឆ្នោតមកឲ្យរូបគាត់ដែរ លុះនៅម៉ោងប្រហែល ១៣ និង ៣៨ នាទី ថ្ងៃដដែល លេខឆ្នោតក៏បានចេញលេខ ០៦ ចំលេខដែលឈ្មោះ រស់ ឆាតមកទិញពីរូបគាត់ ក្នុងពេលនោះរូបគាត់ក៏បាននិយាយបដិសេធទៅឈ្មោះ រស់ ថា រូបគាត់មិនបានបើកមើលឆាត មិនបានឆ្លើយតប និងមិនបានចេញកន្ទុយលេខឲ្យ ដូចនេះរូបគាត់មិនទទួលខុសត្រូវសងប្រាក់ទៅឲ្យឈ្មោះ រស់ ទេ បន្តបន្ទាប់ក្រោយមកទៀតឈ្មោះ រស់ នៅតែឆាតមកទាមទារឲ្យរូបគាត់សងប្រាក់ចំនួន ១.៣០០.០០០ រៀល (មួយលានសាមសិបម៉ឺនរៀល) តែរូបគាត់មិនព្រមសង ក៏មានការប្រកែកទាស់សម្តីគ្នាតែម្តង ។
ករណីនេះ ដោយសារតែឈ្មោះ ញឹប សេងហ៊ាំង ហៅ ចែហៀង បានរកស៊ីមុខរបរលក់លេខឆ្នោតតាំងពីឆ្នាំ២០១៦ ម្យ៉ាងទៀតរូបគាត់បានបញ្ឈប់ការលេងល្បែងស៊ីសង(លក់លេខឆ្នោត)ជាយូឆ្នាំមកហើយ មកប្រកបមុខរបរជាអ្នកលក់ម្ហូប លក់សាច់គោវិញនោះ ហើយរឿងប្រាក់ទិញលក់លេខឆ្នោតរយៈពេលកន្លងមកជារឿងទំនាស់រវាងគូរភាគីទាំងសងខាង ក្រោយពេលសមត្ថកិច្ចយើងធ្វើការសាកសួរក៏បានដឹងពត៌មាននេះ បន្ទាប់ពីបានសុំយោបល់ពីការិយាល័យជំនាញ នឹងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចយើងបានធ្វើការអប់រំណែនាំឈ្មោះ ញឹប សេងហ៊ាំង ហៅ ចែហៀង កុំឲ្យគាត់ប្រព្រឹត្តសកម្មភាពដែលល្មើសនឹងច្បាប់តទៅទៀត ។
អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារពត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាពត៌មាន និងកុំមានការភាន់ច្រឡំ ។




