បាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ពេជ្រសារ៉ែន ជាអធិការ ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់ ក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សល ចនឌី ភេទ ប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ។
👉 សូមជំរាបជូនថា នៅអំឡុងខែ វិច្ឆិកា ឆ្នាំ ២០២៦ ជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាម បានណាត់ជួបជនរងគ្រោះតាមរយៈសេវាកម្មផ្លូវភេទ នៅទីតាំងផ្ទះសំណាក់ចំនួន ០២ ទីតាំងផ្សេងគ្នាក្នុងក្រុងបាត់ដំបង៖
1️⃣ ករណីទី១ (ផ្ទះសំណាក់ លីនី សង្កាត់អូរចារ): ជនសង្ស័យបានណាត់ជួប ជនរងគ្រោះឈ្មោះ ( ស ម ) ក្នុងតម្លៃ ៨០ដុល្លារ។ បន្ទាប់ពីរួមភេទរួច ជនសង្ស័យបានយកកាំបិតចុងស្រួចភ្ជង់គម្រាម ចងដៃចងជើង ដោយខ្សែរ៉ឺត បង្ខំយកលេខកូដទូរស័ព្ទ និងគណនី ABA រួចបិទទ្វារបន្ទប់ទឹកដោយរុញសាឡុងផ្អឹប មុននឹងរត់គេចខ្លួន។
2️⃣ ករណីទី២ (ផ្ទះសំណាក់ ៧៧៧ សង្កាត់ស្វាយប៉ោ): នៅយប់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ជនសង្ស័យបានណាត់ជួបជនរងគ្រោះ ឈ្មោះ ( ល ) ក្នុងតម្លៃ ១០០ ដុល្លារ។ បន្ទាប់ពីរួមភេទរួច ជនសង្ស័យបានយកកាំបិតភ្ជង់គម្រាម រុំដៃ រុំមាត់ និងចងជើង ជនរងគ្រោះដោយស្គុត បង្ខំយកលេខកូដទូរស័ព្ទ និងផ្ទេរប្រាក់ចំនួន ២ ដុល្លារចេញពីគណនី ABA រួចចាក់សោរបន្ទប់គេចខ្លួន។
លុះដល់ម៉ោងប្រហែល ០២:១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ វិច្ឆិកា ម្ចាស់ទូរស័ព្ទបានតាមរកឃើញជនសង្ស័យតាមរយៈ Location iCloud នៅមុខសាលាខេត្តបាត់ដំបង ទើបជនសង្ស័យរត់គេច និងទម្លាក់ទូរស័ព្ទចោល។ រហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៥:៣៦ នាទី កម្លាំងសមត្ថកិច្ចយើងបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ។
👉 នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕




