ការបញ្ជាក់នេះ បានធ្វើឡើង ក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ ។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយ ប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវ សមិទ្ធផលផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ ជាមួយនឹងការ ប្រសិទ្ធនាម “ផ្លូវអំពេងសន្តិភាព” ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែប ជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាកដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរទេះដីក្រហមតូចចង្អៀត និងតែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបាន ពង្រីកទៅជាផ្លូវបេតុងមានទំហំធំសម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយ គុណភាពរឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការដែលចេះតែកើនឡើង របស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ក្រៅពីការប្រើប្រាស់ថវិការដ្ឋ សមិទ្ធផលនេះអាចលេចចេញជារូបរាងឡើង ក៏ដោយសារមានការចូលរួម ចំណែកផងដែររបស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវ ឱ្យបានធំទូលាយ។ សមិទ្ធផលរួមគ្នានេះ គឺជាអ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកើតមានឡើងជាបន្តបន្ទាប់គ្រប់ជំនាន់តទៅ ពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺជាការឆ្លុះ បញ្ចាំងផងដែរអំពីកម្លាំងមហាសាមគ្គីជាតិខ្មែរ ប្រកបដោយភាពម្ចាស់ការ ស័ក្តិសមនឹងពាក្យថា “ខ្មែរជួយខ្មែរ ខ្មែររីកចម្រើន”។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា ពិតណាស់ ផ្លូវបេតុង មួយនេះ មិនមែនជាសមិទ្ធផលទោលតែឯកឯង ឬដែលធំជាងគេនោះទេ ប៉ុន្តែពិតណាស់ វាជានិមិត្តរូបតំណាងឱ្យដំណើរវិវត្តន៍ដ៏វែងឆ្ងាយរបស់ ប្រទេសជាតិ យើងទាំងមូល។ ចំពោះអ្នកទូទៅ យើងអាចមើលឃើញត្រឹមតែ ជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាក ក្នុងការ ធ្វើទៅដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍ ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ។
ដូច្នេះនៅពេលនេះម៉ោងនេះ សូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិ ទាំងអស់មិនថាតូចឬធំ។ ពិតណាស់ យើងមិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែយើងចាំបាច់ត្រូវ ក្រឡេកមើល និងប្រៀបធៀបទៅអតីតកាលដើម្បី ឆ្លុះបញ្ចាំងប្រកប ដោយហេតុផលត្រឹមត្រូវអំពីបច្ចុប្បន្នកាល ដែលនេះគឺជា អភិក្រមចាំបាច់ បំផុតដើម្បីសម្លឹង និងដើរទៅដល់អនាគតដ៏រុងរឿងមួយ ដែលយើង ទាំងអស់គ្នាចង់បាន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា មកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដោយទ្បែក ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបានកែលម្អឱ្យកាន់តែ ប្រសើរឡើង ដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយមានទាំងផ្លូវអ៊ុតកៅស៊ូ AC, ផ្លូវបេតុងអាមេ, ផ្លូវកៅស៊ូ DBST, ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ, ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ, ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង, អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់, ឡដុតសម្រាមវេជ្ជសាស្ត្រ ។ល។ ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍ល្អ ប្រណីតកម្រិតខ្ពស់ នាពេលអនាគតស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស័ក្តិសមជាខេត្តតារារះនាទិសនិរតី ហើយដែលកន្លងមកនេះ ខេត្តក៏បាន ទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និងអន្តរជាតិរួចមកហើយ។ ទាំងនេះ ក៏ដោយសារខេត្តកែប មានថ្នាក់ដឹកនាំល្អ និងមានការខិតខំយកចិត្តទុក ដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដី គ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ ប្រជាពលរដ្ឋផ្ទាល់នៅក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវក្នុងរយៈកាលកន្លងមកនេះ៕
