នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានជួបជាមួយក្រុមការងារអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះពិត្យអតីតទីតាំង មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នៅទីតាំង កាស៊ីណូ ហ្គោលឌិនហ្គាឡាក់ស៊ី នៅក្រុងបាវិត។
ក្នុងឱកាសនោះឯកឧត្តមបានផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសអនឡាញនៅទីតាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៣៩អង្គភាព ក្រោយពេលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (បទល្មើសអនឡាញ) យ៉ាងក្តៅគគុកនាពេលកន្លងមក។
ឯកឧត្តមបានធ្វេីការពន្យល់ និងបទបង្ហាញយ៉ាងលម្អិតជូនដល់តំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីវិធានការផ្លូវច្បាប់ កិច្ចប្រតិបត្តិការស្រាវជ្រាវ ការចុះឆែកឆេរ ក៏ដូចជាលទ្ធផលជាក់ស្តែងនៃការទប់ស្កាត់ និងបង្រ្កាបសកម្មភាពខុសច្បាប់នានាដែលបានកើតឡើងនៅក្នុងទីតាំងកាស៊ីណូខាងលើ ក៏ដូចជាទីតាំងនានាផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងក្រោយបង្ក្រាបបាន និងបន្តធ្វេីសព្វថ្ងៃដោយគ្មានការលេីកលែងឡេីយ។
ការផ្តល់កិច្ចសម្ភាសន៍ និងចុះពិនិត្យទីតាំងជាក់ស្តែងដែលបានបង្រ្កាបរួចជូនអ្នកសារព័ត៌មាននាពេលនេះ គឺជាការបង្ហាញអំពីភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ល្បែងស៊ីសងខុសច្បាប់ និងការជួញដូរមនុស្ស ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់មុខមាត់របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕




