ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កង ថេង អតីតមេឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវក្តីក្រៀមក្រម ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក កង ថេង ដែលជាការបាត់បង់នូវប្តី បងប្រុស ប្អូនប្រុស និងឳពុកជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ។
ថ្នាក់ដឹកនាំខេត្ត បានចាត់ទុកថាការបាត់បង់ លោក កង ថេង គឺជាការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ដែលធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតដល់រូបលោកបានលាចាកលោកយើងនេះទៅ គួរឱ្យសោកស្តាយជាទីបំផុត។
នាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួន ទុកចាត់ចែងរៀបចំធ្វើពិធីបុណ្យសពទៅតាមប្រពៃណី៕




