លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ថ្នាក់សាខារាជធានីភ្នំពេញ បានអញ្ជេីញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩»
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ថ្នាក់សាខារាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន៣០នាក់ ដេីម្បីឈានឆ្ពោះអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ខាងមុខនេះ ។
នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងស្រី ប្អូនស្រីជាមាតាទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធី ដេីម្បីអបអរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១កុម្ភៈ ខួបលេីកទី១២ឆ្នាំ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ នាឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តម ជា ឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ បន្ទាប់ពីទទួលបានគោរមងារជា ឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា បានផ្តាំផ្ញេីដល់បងស្រី ប្អូនស្រីទាំងអស់សូមបន្តចែករំលែកនូវចំណេះដឹងពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍ឱ្យបានទូលំទូលាយ ដេីម្បីចូលរួមលេីកកម្ពស់សុខភាពមាតា ទារក និងកុមារ, ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយអនុវត្តការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។
បន្ទាប់មក ក្រុមការងារបានឡេីងធ្វេីបទបង្ហាញពីសារៈសំខាន់ក្នុងការថែទាំសុខភាព, ការពិនិត្យសុខភាពមុនពេលរៀបការ, ការពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង, ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ, ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ ៣ការពារ និង៣កុំ, ការបំបៅកូនដោយទឹកដោះម្តាយ, ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។ល។
សូមបញ្ជាក់ថា៖ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន៣០នាក់ ក្នុង១នាក់ៗទទួលបាន កន្សែងពោះគោធំ១ កន្សែងជូតខ្លួនទារក១ សាប៊ូ២ដុំ ជែលលាងដៃ១ដប ម៉ាស១០បន្ទះ អាល់កុល១ដប អង្ករ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ឃីត១កញ្ចប់(មុង ភួយ ក្រមា សារុង) និងថវិកាចំនួន៥មុឺនរៀល ៕




