កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជំនះ៧មករា ១៩៧៩ ៧-មករា- ២០១៦ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៦នេះ មានរៀបចំប្រារព្ធមិទិ្ទញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់កណ្តាល អាជ្ងាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ៩៦២០នាក់ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាន រំលឹកពីគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់ បុព្វបុរស វីរយុទ្ធជន យុទ្ធនារីស្នេហាជាតិនៅ គ្រប់ជំនាន់ ដែលពុះពារប្រយុទ្ធហ៊ានធ្វើពលីកម្មអង់អាចក្លាហានបំផុត ដើម្បីការ ពារជាតិមាតុភូមិ និងប្រជាជន ឲ្យរូចចេញផុតពីមហាសោកនាដកម្ម នៅក្នុងរបបប្រល័យ ពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង់បំផុត មកលើមាតុភូមិ និង ប្រជាជនខ្លួនឯង។សុន្ទរកថាបានបញ្ជាក់បន្ថែមថា ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងងបំផុតនេះ កម្មាភិបាលយុទ្ធជន យុទ្ធនារីស្នេហាជាតិ បានប្រមូលផ្តំគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំប្រជាជន ធ្វើការតស៊ូរំដោះប្រទេសជាតិឡើងវិញជាថ្មី រហូតទទួលបានជ័យជំនះនាថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានបញ្ចប់យុគសម័យខ្មៅងងឹតបំផុត ហើយបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា ប្រ ជាជនបានរូចផុតពីភាព ទាសករ មកជាធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។
សុន្ទរកថាបាន សង្កត់ធ្ងន់ទៀតថា រយៈពេល៣៧ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រ កម្ពុជាក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាប់ផ្តើម ការស្តារ និងកសាងជាតិឲ្យមានការរីកចំរើនដូចសព្វថ្ងៃ អនុវត្តគោលនយោបាយផ្សះផ្សាជាតិ បង្រួបបង្រូមជាតិ នយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ ការពារបូរណភាពទឹកដី ខឿនឯករាជ្យជាតិ ប្រឆាំងការឈ្លានពាន និង បានធ្វើការស្តារអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនស្មើមុខ ស្មើមាត់ ដូចអារ្យប្រទេស នានាក្នុងពិភពលោក។
ទន្ទឹមនេះសុន្ទរកថា បានបញ្ជាក់ជាថ្មីទៀតនូវការគាំទ្រ បេក្ខភាព សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី សំរាប់អាណត្តិក្រោយៗទៀតជារៀងរហូត ។
តំណាងឲប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងមូល បានសំដែង នូវកតញ្ញូតាធម៌ គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី កម្មាភិ បាល កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា និងកងទ័ពស្មគ្រ័ចិត្តវៀតណាម បានវាយផ្តូលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រំដោះ ជាតិ រំដោះប្រជាជនឲ្យរួចផុត ពីសេចក្តីស្លាប់ វិនាសព្រាត់ប្រាស់ ការពារ កសាង ស្តារប្រទេសជាតិឡើង វិញ ប្រកប ដោយសិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។
ទន្ទឹមនេះប្រជាពលរដ្ឋខ្មែរគ្រប់រូប បានចាត់ទុកថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃមហា ជ័យជំនះ ដែលបានផ្តល់នូវការរស់រានមានជីវិតថ្មី ជាមាតា ទី២ ដែលបានផ្តល់កំណើត ដល់យើងទាំងអស់គ្នា។ មានថ្ងៃជ័យជំនះ ៧មករា ទើបមានយីងទាំងអស់គ្នា មានអ្វីៗ នៅថ្ងែនេះ។
បន្ទាប់មកសម្តេចចៅហ្វាវាំងគង់សំអុល រួមជាមួយ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំទាំងអស់ បានអញ្ជីញ រាប់បាត្រព្រះសង្ឃផងដែរ ៕
ដោយ ៖ ខៀវ ចាន់





