ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។
ក្នុងពិធីដែលបង្ហាញពីដំណើរចម្រើនលូតលាស់លើវិស័យសុខាភិបាលកើតចេញពីការប្រឹងប្រែងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនរូប។
វិស័យសុខាភិបាលកម្ពុជា បើទោះបីមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់មុនការឈានមកដល់នៃរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងណាក្តី តែវិស័យនេះ ត្រូវបានបំផ្លាញចោលទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសុខាភិបាល និងធនធានមនុស្សក្នុងវិស័យនេះ។ វិស័យសុខាភិបាល ត្រូវបានយកចិត្តទុកដាក់ស្រោចស្រង់ត្រឡប់មកវិញយ៉ាងលំបាកជាទីបំផុត ដោយមេដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈាម និងទឹកភ្នែក។ ពិធីដែលធ្វើឡើងព្រមគ្នារហូតដល់ទៅ៣ បានបង្ហាញច្បាស់ពីការប្រទាក់ក្រឡាគ្នានៃវឌ្ឍនភាពក្នុងវិស័យសុខាភិបាលមុនមានរបបកម្ពុជាប្រជាធិបតេយ្យ និងក្រោយរបបនេះ ត្រូវបានផ្តួលរំលំ។
របាយការណ៍បានបង្ហាញថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបានបង្កើតឡើងដោយ ក្រឹត្យលេខ ១០៣សន ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះថា «សាលាមន្ត្រីសុខាភិបាល»។ បន្ទាប់មកបានប្តូរឈ្មោះជាបន្តបន្ទាប់ទៅជា «មហាវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាស្ថានទន្តវទនសាស្រ្ត» នៅចន្លោះឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៥។
ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មហាវិទ្យាល័យនេះត្រូវបានបោះបង់ចោលទាំងស្រុង។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ មហាវិទ្យាល័យបានបើកទ្វារឡើងវិញ ដោយមានឈ្មោះថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត នៅខែកុម្ភៈ ឆ្នាំ១៩៨០ និងប្តូរឈ្មោះជាមហាវិទ្យាល័យចម្រុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្ត នៅចុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៩៧ មហាវិទ្យាល័យនេះបានប្រែក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោយពីមានការច្របាច់បញ្ចូលគ្នារវាងមហាវិទ្យាល័យចម្រុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត និងសាលាកម្មាភិបាលសុខាភិបាលមជ្ឈឹម។
ចាប់ពីខែធ្នូ ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលរចនាសម្ព័ន្ធសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឡើងវិញ ដោយមាន ៩អង្គភាព ថ្នាក់ស្មើនាយកដ្ឋាន ក្នុងនោះ មានមហាវិទ្យាល័យចំនួន ៦មន្ទីរពេទ្យសាកលវិទ្យាល័យ ចំនួន១ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកលចំនួន១ និងអង្គភាពកិច្ចការទូទៅចំនួន១។
ឆ្នាំ២០២៦នេះ ជាខួបទី៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្រោយពីបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារៈ បរិក្ខារសម្រាប់ការរៀន និងបង្រៀន។ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការរៀន និងបង្រៀនរបស់សាកលវិទ្យាល័យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ រួមមានជាអាទិ៍៖ ការជួសជុលកែលម្អអគារមួយចំនួន សាងសង់ថ្មីបន្ថែមនូវអគារសិក្សាថ្មីចំនួន៦អគារ ក្នុងនោះ អគារសិក្សាចំនួន០២ នឹងត្រូវសម្ភោធនៅថ្ងៃនេះ ព្រមទាំងកំពុងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ អាចផ្តល់សេវាសម្រាកព្យាបាលចំនួន ២០០គ្រែ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៧។ សាកលវិទ្យាល័យ ក៏គ្រោងនឹងសាងសង់អគារសិក្សាថ្មីបន្ថែម ក្នុងឆ្នាំ២០២៧ ចំនួន១ អគារបន្ថែមទៀត។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យបានបំពាក់ឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបៗបែបឌីជីថលសម្រាប់ការរៀន និងបង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការអប់រំក្នុងវិស័យសុខាភិបាលក្នុងសតវត្សទី២១។
អគារសិក្សា ដែលត្រូវនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ មានចំនួន២ អគារ នៅទីតាំងទី១ ត្រូវបានប្រសិទ្ធនាមថា «អគារតេជោធិបតីសន្តិភាព» និងនៅទីតាំងទី២ ត្រូវបានប្រសិទ្ធនាមថា «អគារតេជោធិបតីអភិវឌ្ឍន៍» ដើម្បីជាការរំលឹកគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានគុណូបការៈនាំមកនូវសន្តិភាព និងភាពជឿនលឿនជូនប្រទេសជាតិ និងជាពិសេសបានដាក់ឱ្យមានយុទ្ធសាស្រ្ត «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលបានផ្តល់ភាពរីកចម្រើនយ៉ាងច្រើនដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ។
អាគារសិក្សាទាំងពីរនេះ ប្រើប្រាស់ថវិកាសរុបចំនួនជាង ៥៧ពាន់លានរៀល ស្មើនឹងជាង ១៤លានដុល្លារអាមេរិក មានកម្ពស់៨ជាន់ដូចគ្នា។ «អគារតេជោធិបតីសន្តិភាព» មានទំហំផ្ទៃក្រឡាសរុបជាង១៤ពាន់ម៉ែតក្រឡា មានបន្ទប់ចំនួន ៩២បន្ទប់។ ក្នុងនោះមានថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ចំនួន ៤៧បន្ទប់ បន្ទប់ការិយាល័យចំនួន ២២បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០នាក់ ចំនួន ១បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ២២បន្ទប់។
ដោយឡែក «អគារតេជោធិបតីអភិវឌ្ឍន៍» មានទំហំផ្ទៃក្រឡាសរុបជិត១៥ពាន់ម៉ែត្រក្រឡា មានបន្ទប់ចំនួន ៤៦បន្ទប់ ដែលក្នុងនោះមានថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ ចំនួន ៣៤បន្ទប់ បន្ទប់ការិយាល័យចំនួន ៧បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០នាក់ ចំនួន ១បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ៤ បន្ទប់។
គិតត្រឹមខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានគណៈគ្រប់គ្រង មន្រ្តីរាជការ បុគ្គលិកកិច្ចសន្យា សាស្ត្រាចារ្យ និងគ្រូសរុបចំនួន ១ ៤៧៧នាក់ ( នារី ៤៧៦នាក់ ) ក្នុងនោះ បានចែកចេញជាក្រុមប្រឹក្សាភិបាលចំនួន ៧នាក់ ជាបុរស គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និងគ្រូបំពេញការងារនៅសាកលវិទ្យាល័យ ចំនួន ៣៤១នាក់ នារី ១៨៤នាក់ សាស្ត្រាចារ្យ គ្រូអញ្ជើញមកពីមន្ទីរពេទ្យនានាឱ្យមកបង្រៀននៅសាកលវិទ្យាល័យមានចំនួន ១ ០៥៩នាក់ (នារី ២៦០នាក់ ) និងសាស្ត្រាចារ្យជំនាញការបរទេសចំនួន ៧០នាក់ (នារី ៣២នាក់)។
គិតចាប់ពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤ ៦៣៣នាក់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលភាគច្រើន គឺបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ។
ដោយឡែកនិស្សិតដែលត្រូវចូលរួមទទួលសញ្ញាបត្រនាថ្ងៃនេះ មានចំនួន ២ ៤៤០នាក់ ចែកជា៤៤ប្រភេទ រួមមានវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក, វេជ្ជបណ្ឌិតឯកទេសបេះដូងវិទ្យា, វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រទូទៅ, វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ,វេជ្ជបណ្ឌិតឯកទេស ជំងឺថ្លើម ក្រពះ ពោះវៀន, វេជ្ជបណ្ឌិតឯកទេស សម្ភព និងរោគស្រ្តី, វេជ្ជបណ្ឌិតឯកទេសវិទ្យុសាស្រ្ត និងរូបភាពវេជ្ជសាស្ត្រ, វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅ, វេជ្ជបណ្ឌិតឯកទេសចក្ខុរោគវិទ្យា, វេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ បំពង់ក, វេជ្ជបណ្ឌិតឯកទេសវិជ្ជារោគកុមារ, វេជ្ជបណ្ឌិតឯកទេសជំងឺសួត, វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា, វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តទូទៅ និងប្រព័ន្ធរំលាយអាហារ, វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តជំងឺឆ្អឹង និងបាក់បែក, វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រកុមារ, វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្រ្ត, វេជ្ជបណ្ឌិតឯកទេស ប្រពោធនកម្ម ដាក់ថ្នាំសណ្តំ និងសង្រ្គោះបន្ទាន់, វេជ្ជបណ្ឌិតឯកទេសកាយវិភាគ និងកោសិការោគវិទ្យា,វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តប្រព័ន្ធប្រសាទ, វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តប្រព័ន្ធទឹកម៉ូត្រ, វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក, ឱសថបណ្ឌិតឯកទេសផ្នែកវេជ្ជជីវសាស្រ្ត,
ឱសថបណ្ឌិតឯកទេសផ្នែកឱសថ, បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្រ្ត, បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកស្បែក និងគ្រឿងសម្អាង, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពត់ធ្មេញ, សញ្ញាបត្រវេជ្ជបណ្ឌិត, ទន្តបណ្ឌិត, ឱសថការី, បរិញ្ញាបត្រគិលានុបដ្ឋាក-ឆ្មប, បរិញ្ញាបត្រគិលានុបដ្ឋាក, បរិញ្ញាបត្រឆ្មប, បរិញ្ញាបត្រគិលានុបដ្ឋាក, បរិញ្ញាបត្រឆ្មប, បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត, បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក, បរិញ្ញាបត្រព្យាបាលដោយចលនា, បរិញ្ញាបត្រសុខភាពសាធារណៈ, បរិញ្ញាបត្ររងព្យាបាលដោយចលនា, បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ, បរិញ្ញាបត្ររងឆ្មប, បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ និងបរិញ្ញាបត្ររងគិលានុបដ្ឋាក។
តាមរយៈការសិក្សាក្នុងចំណោមអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីឆ្នាំ២០២៣មកដល់ឆ្នាំ២០២៥ អត្រានិស្សិតមានការធ្វើ ក្រោយបញ្ចប់ការសិក្សា មានចំនួន ៩៦,១៩ភាគរយ ដែលភាគច្រើនលើសលុប មានការងារក្នុងវិស័យសុខាភិបាល។
សូមបញ្ជាក់ថា នៅក្នុងអណត្តិទី៧ នៃរដ្ឋសភានេះ ក្រសួងសុខាភិបាល បានខិតខំយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ទាំងមុនពេលបម្រើការងារ និងក្នុងពេលបំពេញការងារ ដោយលើកកម្ពស់ជាប្រចាំគុណភាពបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល។ ការធ្វើកំណែទម្រង់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលក្រសួងសុខាភិបាលកំពុងខិតខំ គឺផ្តោតលើការវាស់វែងតាមសមត្ថភាព និងលទ្ធផលជាក់ស្តែងរបស់និស្សិតបញ្ចប់ការសិក្សា ព្រមទាំងការពង្រឹងនូវគុណធម៌វិជ្ជាជីវៈខ្ពស់៕



