ជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនផលិតផលសម្រស់ និងអតីតតារាសិល្បៈបានផ្ទុះឡើង ដោយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក (DR AROMA (CAMBODIA) CO., LTD.) បានសម្រេចដាក់ពាក្យប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ព្រមទាំងទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តសរុបចំនួន ២០០,០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក។
យោងតាមខ្លឹមសារនៃពាក្យបណ្តឹងផ្លូវការ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គោរពជូនឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើមបណ្តឹងគឺក្រុមហ៊ុន DR AROMA តំណាងដោយលោក វាសនា ខេមរិន្ទ បានប្តឹងចោទប្រកាន់លើឈ្មោះ យក់ ឋិតរដ្ឋា (កាន់អត្តសញ្ញាណប័ណ្ណលេខ ១៩០៩៦៣៦៣៣) និងឈ្មោះ ឃុំ ប៉ុណ្ណាដែត (កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០១៤១៨៥(០២)) ដែលមានអាសយដ្ឋានរួមនៅ ផ្ទះលេខ ១៨ ផ្លូវលេខ P32 ភូមិខ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបក្សពួក ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» (យោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ) ដែលបានប្រព្រឹត្តចាប់តាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន។
បើតាមការបញ្ជាក់ក្នុងពាក្យបណ្តឹង មុននឹងឈានដល់ការប្តឹងផ្តល់នេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន DR AROMA បានទទួលលិខិតជូនដំណឹងផ្លូវការមួយច្បាប់ពីមេធាវីតំណាងដោយអាណត្តិរបស់លោកស្រី យក់ ឋិតរដ្ឋា ដោយបានលើកឡើងនូវ ៣ ចំណុចសំខាន់ៗ។ ក្នុងនោះ ចំណុចទី១ បានចោទប្រកាន់ថាក្រុមហ៊ុនមិនបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនលោកស្រី ដូចដែលបានសន្យានៅពេលធ្វើជាទូតសុឆន្ទៈ (Brand Ambassador – BA) ឡើយ។ ចំណុចទី២ បានចាត់ទុកថាក្រុមហ៊ុនបានបោះបង់កិច្ចព្រមព្រៀង BA ហើយតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់រូបភាព វីដេអូ ឬសកម្មភាពផ្សេងៗរបស់លោកស្រី បើមិនដូច្នេះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
រីឯចំណុចទី៣ បានស្នើឱ្យលោក វាសនា ខេមរិន្ទ ណែនាំបុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬប្រើប្រាស់រូបភាព និងវីដេអូរបស់លោកស្រីបន្តទៀត។ នៅយប់ថ្ងៃដដែល (ថ្ងៃទី២ ខែតុលា) លោកស្រី យក់ ឋិតរដ្ឋា បានបង្ហោះសារជាសាធារណៈលើទំព័រ Facebook ផ្លូវការរបស់ខ្លួនឈ្មោះ “យក់ ថិតរដ្ឋា-Yuk Thitratha” ប្រកាសថា ខ្លួនបានបញ្ចប់ការងារជា BA របស់ DR AROMA ហើយ ព្រមទាំងបានភ្ជាប់មកជាមួយនូវរូបភាពលិខិតជូនដំណឹងចំនួន ២ សន្លឹក ដោយមួយច្បាប់ជូនសាធារណជន និងមួយច្បាប់ទៀតជូនលោក វាសនា ខេមរិន្ទ។
លុះមកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន លោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានផ្តល់បទសម្ភាសន៍ដល់គេហទំព័រ «សម្លេង សិល្បៈ» ដោយបានបញ្ជាក់បន្ថែមពីការផ្តាច់កិច្ចសន្យានេះ។ បន្ទាប់មក ភាគីទាំងពីរបានចែករំលែក (Share) អត្ថបទចុះផ្សាយរបស់បណ្តាញព័ត៌មានផ្សេងៗជាច្រើនលើទំព័រ Facebook របស់ខ្លួន រួមមាន Dara Story, Dara News, និង Kanha ជាដើម។ លើសពីនេះ ក្រុមហ៊ុនក៏បានកត់សម្គាល់ឃើញមានគណនី Facebook ចំនួន ៣ រួមមាន Tra Luis, Tep Tola, និង Nin Nin បានចូលទៅបញ្ចេញមតិក្នុងន័យចោទប្រកាន់ ប្រើប្រាស់ពាក្យពេជ្រមិនសមរម្យ និងទម្លាក់កំហុសមកលើក្រុមហ៊ុនដោយគ្មានមូលដ្ឋានពិតប្រាកដ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ក្រុមហ៊ុន DR AROMA បានរៀបរាប់ក្នុងពាក្យបណ្តឹងថា កន្លងមក លោក ឃុំ ប៉ុណ្ណាដែត គឺជាអ្នកយកផលិតផលពីក្រុមហ៊ុនទៅលក់បន្ត។ ក្រោយមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងធ្វើជា BA រវាងក្រុមហ៊ុន និងលោកស្រី យក់ ឋិតរដ្ឋា ក្នុងគោលបំណង «លើកមុខមាត់ជូនលោកស្រី យក់ ឋិតរដ្ឋា និងជួយផ្សព្វផ្សាយផលិតផលដែលលោក ឃុំ ប៉ុណ្ណាដែត យកទៅលក់បន្តតែប៉ុណ្ណោះ ដោយពុំមានលក្ខខណ្ឌអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬកម្រៃណាមួយដែលក្រុមហ៊ុនត្រូវប្រគល់ជូនលោកស្រីឡើយ»។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការចេញមុខប្រកាសក្តែងៗតាមបណ្តាញសង្គមរបស់លោកស្រី យក់ ឋិតរដ្ឋា និងស្វាមី ព្រមទាំងបក្សពួក គឺជា «ចេតនាចោទប្រកាន់ និងបំផ្លើសទាំងស្រុង» ថាក្រុមហ៊ុនមិនផ្តល់អត្ថប្រយោជន៍ ឬប្រើប្រាស់រូបភាព Free […] ក្នុងគោលបំណងបំពុលព័ត៌មានឱ្យល្បី ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងផ្សព្វផ្សាយផលិតផលផ្ទាល់ខ្លួនដែលទើបដាក់បង្ហាញនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ប៉ុណ្ណោះ។



