(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជាតិជ័យជម្នះ ៧ មករា ១៩៧៩ ៧ មករា ២០២៤ ដែលប្រារព្ធធ្វើនៅលើបុរីវប្បធម៌កោះសំពៅមាស។
ពិធីនេះមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជាក្រុមការងារ ថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់។
បន្ទាប់ពីថ្នាក់ដឹកនាំ និងប្រតិភូតាមមន្ទីរអង្គភាពនីមួយៗដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ អុជធូប រំលឹកទៅដល់គុណអ្នកស្នេហាជាតិទាំងឡាយ ដែលបានបាត់បង់ជីវិតក្នុងភ្លើងសង្គ្រាម ដើម្បីរំដោះជីវិតប្រជាជន និងប្រទេសជាតិពីរបបប្រល័យពូជសាសន៍រួចមក ឯកឧត្តម ខូយ រីដា បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារជាអាទិ៍ថា៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៤៥ឆ្នាំ ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ។
កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ រស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃនេះ បំបិទមិនឱ្យមានឡើយ។ ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។ សូមឱ្យស្មារតីថ្ងៃ ៧ មករា ស្ថិតនៅក្នុងក្រអៅបេះដូងរបស់ពលរដ្ឋគ្រប់ៗរូប ជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិរន្តរ៍។
ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា អង្គមិទ្ទិញយើងថ្ងៃនេះ ពិតជាមានអត្តន័យធំធេងណាស់ ព្រោះជាឱកាសរំលឹកឡើងវិញនូវមហាជ័យជំនះ ៧ មករា ១៩៧៩ លើរបបបនប្រល័យពូជសាន៍ប៉ុលពត។ យើងបានកសាងប្រទេសពីបាតដៃទទេ ដែលមានសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានខិតខំប្រឹងប្រែងដៃម្ខាងទប់សង្គ្រាមដៃម្ខាងអភិវឌ្ឍប្រទេស រហូតមានអ្វីៗគ្រប់យ៉ាងមកដល់សព្វថ្ងៃនេះ។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិកាន់តែរីចំរើន និងប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខ។
ឯកឧត្តម កែវ រតនៈ ថានឹងធ្វើទំនាក់ទំនងនាំយករោងចក្រមកដាក់នៅខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីកូនចៅប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ខែ និងប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាមួយគ្នានេះឃុំអូរសោម ឃុំប្រម៉ោយ និងឃុំថ្មដា ស្រុកវាលវែង ក៏នឹងត្រូវអភិវឌ្ឍន៍ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត ឱ្យកាន់តែច្រើនទៅថ្ងៃអនាគត។ រដ្ឋមន្ត្រី កែវ រតនៈ សូមឱ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាពឲ្យនៅគង់វង្សជានិច្ច ដើម្បីផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្តអភិវឌ្ឍន៍ប្រទសឱ្យកាន់តែរីកចំរើនថែមទៀត។
ក្នុងឱកាសនោះក៏មានឈុតសម្ដែងខ្លីអំពីសោកនាដកម្មក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត មកលើប្រជាជនខ្មែរស្លូតត្រង់ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងធ្វើពិធីលែងសត្វព្រាប និងពិធីបង្ហោះប៉េងប៉ោងផងដែរ៕




