ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រះវិហារ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន២២រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃប្រទេសកម្ពុជា មានក្រឡាផ្ទៃជាង ១៣ពាន់គីឡូម៉ែត្រក្រឡា បែងចែកជា ១ក្រុង ៧ស្រុក ៤៩ឃុំ ២សង្កាត់ និង ២៣២ភូមិ។
ខេត្តព្រះវិហារ មានផ្លូវជាតិសំខាន់ៗឆ្លងកាត់កាត់ និងតភ្ជាប់ដូចជា ផ្លូវជាតិលេខ៦២ ផ្លូវជាតិ លេខ៩ ផ្លូវជាតិលេខ៥៦ និងផ្លូវជាតិលេខ៩៥ ព្រមទាំងមានសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងប្រាសាទបុរាណជាច្រើន ក្នុងនោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
ខេត្តព្រះវិហារ មានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ៧២ពាន់គ្រួសារ ស្មើនឹង ២៨៧ពាន់នាក់ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងមានចំនួន ១៧៧ពាន់នាក់។
ការអភិវឌ្ឍជាតិ ជំរុញជីវភាពពលរដ្ឋឱ្យល្អប្រសើរជាគោលនយោបាយដ៏អាទិភាពរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តរហូតមកដល់ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្រោមគោលនយោបាយបង្ហាញពីឆន្ទៈដ៏មុះមុតនេះ គ្រប់ខេត្តក្នុងប្រទេសកម្ពុជា ត្រូវបានជំរុញកិច្ចអភិវឌ្ឍន៍ ហើយកំពុងទទួលបាននូវមនុញ្ញផលនៃកិច្ចអភិវឌ្ឍន៍នេះ។
ខេត្តព្រះវិហារ បើទោះបីជាខេត្តនៅឆ្ងាយពីភ្នំពេញ ហើយជាប់ព្រំដែនជាមួយប្រទេសថៃ ក៏ទទួលបានការយកចិត្តទុកដាក់ និងជំរុញកិច្ចអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល ហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។
១) ការងារកសិកម្ម និងប្រព័ន្ធធារាសាស្ត៖ ខេត្តព្រះវិហារ ជាខេត្តមានសក្តានុពល និងពឹងផ្អែកលើវិស័យកសិកម្ម ជាពិសេស គឺការជំរុញផលិតកម្មស្រូវសរីរាង្គដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញ-លក់ ជាមួយក្រុមហ៊ុនសហគ្រាសចំនួន ៩ក្រុមហ៊ុន។ ផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១០ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ២,៩តោន ក្នុង១ហិកតា។
ខេត្តព្រះវិហារ មានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្វាយចន្ទីប្រមាណ ៣ម៉ឺនហិកតា, ដំណាំស្វាយប្រមាណ ៨ពាន់ហិកតា, ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និងកៅស៊ូប្រមាណ ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។
ក្រៅពីដំណាំកសិ-ឧស្សាហកម្មសំខាន់ៗខាងលើ ខេត្តក៏មានដំណាំ រួមផ្សំ និងការចិញ្ចិមសត្វ។
ផ្សារភ្ជាប់ទៅនឹងវិស័យកសិកម្មនេះ ខេត្តព្រះវិហារមាន ប្រព័ន្ធធារាសាស្ត្រខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូចសរុប ៤៨កន្លែង ជាពិសេសគឺអាងទំនប់ ទឹករក្សា ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ដែលមានសក្កានុពលជាជង្រុកមច្ឆជាតិ ជីវៈចម្រុះ ធានា ការផ្គត់ផ្គង់ទឹកសម្រាប់ការធ្វើកសិកម្ម ការរំដោះទឹកជំនន់ និងមានអំណោយផលខាងវិស័យ ទេសចរណ៍ធនធានធម្មជាតិផងដែរ។
២) ការងារទេសចរណ៍៖ ខេត្តព្រះវិហារ គឺជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្តដ៏ល្បីល្បាញ និងមានសក្កានុពល ដោយមានប្រាសាទបុរាណ និងទីតាំងបុរាណដ្ឋានចំនួន ២៨៥កន្លែង ពោល គឺជាខេត្តដែលមានប្រាសាទបុរាណលំដាប់ទី២ បន្ទាប់ពីខេត្តសៀមរាប។
ខេត្តមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ រួមទាំងតំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះខ័ន និង រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិកែច្នៃ និងសហគមន៍អេកូទេសចរណ៍សរុបចំនួន ២៨ទីតាំងទៀត។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តក្នុងខេត្តព្រះវិហារប្រមាណជាង ១០ម៉ឺននាក់ ថយចុះ ៦១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដោយសារបញ្ហាសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេស គឺប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងជាសក្កានុពលខ្លាំង សម្រាប់វិស័យទេសចរណ៍ត្រូវបានរងគ្រោះជាដំណំដោយការបាញ់ប្រហារពីសំណាក់យោធាថៃ នៅអំឡុងពេលសង្គ្រាមឈ្លានពានទាំង ២លើកន្លងមក។
៣) ការងារឧស្សាហកម្ម សិប្បកម្ម រ៉ែ និងថាមពល៖ នៅទូទាំងខេត្តព្រះវិហារ មានសិប្បកម្មកែច្នៃ និងសហគ្រាសខ្នាតតូច និងមធ្យមសរុប ១.៣០០មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣ពាន់នាក់។
ស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងប្រតិបត្តិករទឹកស្អាត សុបចំនួន ៦មូលដ្ឋាន ដែលបានតភ្ជាប់ការប្រើប្រាស់ទឹកស្អាត ជូនប្រជាពលរដ្ឋបានចំនួន ៩៣លើ ២៣២ភូមិស្មើនឹង ៤០ភាគរយ។
ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មានធនធានរ៉ែសំខាន់ៗដូចជា រ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែល មានអាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣ក្រុមហ៊ុន, អាជ្ញាបណ្ណអណ្ដូងរ៉ែបើក និង កាដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង ១០ក្រុមហ៊ុន។ ដោយឡែកវិស័យថាមពល បានតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់នៅតាមខ្នងផ្ទះ ប្រជាពលរដ្ឋសម្រេចបានប្រមាណ ២១៨ភូមិ លើភូមិសរុប ២៣២ភូមិ ស្មើនឹង ៩៣ភាគរយ។
៤) ការងារអប់រំ និងសុខាភិបាល៖ ខេត្តព្រះវិហារមានសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតសិក្សា សរុបចំនួន ៣១០កន្លែង មានសិស្សសរុបប្រមាណជា ៦៤ពាន់នាក់ មានអគារសិក្សាសរុបប្រមាណ ១ពាន់ខ្នង ក្នុងនោះ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១២៣ខ្នង ស្មើនឹង ៩៧៩បន្ទប់ និងអគារសិក្សាឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួន ៨ខ្នង ស្មើនឹង ៤១បន្ទប់។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផលរួមមាន៖ បេក្ខជន សរុប ១.៩១៣នាក់ ប្រឡងជាប់ ១.៦៩៩នាក់ ស្មើនឹង ៨៩,២៨ភាគរយ ក្នុងនោះនិទ្ទេសA ចំនួន ១២នាក់, និទ្ទេសB ចំនួន ៧៧នាក់, និទ្ទេសC ចំនួន ៣៦៦នាក់, និទ្ទេសD ចំនួន ៧៥៤នាក់ និងនិទ្ទេសE ចំនួន ៤៩០នាក់។
ខេត្តព្រះវិហារ មានមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង, មណ្ឌលសុខភាព ៣៣កន្លែង, ប៉ុស្តិ៍សុខភាព ១៣កន្លែង, ឱសថស្ថាន និងមូលដ្ឋានសុខាភិបាលឯកជនសរុប ២៥៥កន្លែង និងបានស្នើសុំ ដំឡើងកម្រិតមណ្ឌលសុខភាពគូលែន ទៅជាមន្ទីរពេទ្យបង្អែកស្រុកគូលែនបន្ថែមទៀត ដើម្បីធានាការផ្តល់សេវាថែទាំសុខភាព និងពិគ្រោះព្យាបាលជំងឺជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ លទ្ធផល នៃការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានដូចខាងក្រោម៖ ការពិនិត្យពិគ្រោះជំងឺសរុបចំនួន ១០៧ពាន់នាក់។ ករណីសម្រាកព្យាបាល(មន្ទីរពេទ្យ) ចំនួន ៥៦ពាន់នាក់។ បានគាំពារដោយគម្រោងមូលនិធិសមធម៌ ដល់ប្រជាពល រដ្ឋក្រីក្រចំនួន ២៦ពាន់នាក់។ អ្នកជំងឺត្រូវបានលើកលែងបង់ថ្លៃ ចំនួន ៤៤ពាន់នាក់។
៥) ការអនុវត្តគោលនយោបាយគាំពារសង្គម៖ រដ្ឋបាលខេត្ត បានខិតខំអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម កម្មវិធីស្តារលំនៅឋានជូនគ្រួសារដែលរងផលប៉ះពាល់ដោយសង្គ្រាម និងកម្មវិធីរក្សាលំនឹង ជីវភាពគ្រួសារដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១៖ កម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារក្រីក្រមានបណ្ណសមធម៌ចំនួន ១៥.ពាន់គ្រួសារ មានទឹកប្រាក់ ៩៣០លានរៀល។
២៖ បើកផ្តល់ប្រាក់សោធនជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីនៅ ពេលសម្រាលកូនសរុបប្រមាណ ១៨.៩០០ករណី ដែលមានទឹកប្រាក់សរុប ប្រមាណ ៤ពាន់លានរៀល។
៣៖ បើកប្រាក់ជូនគ្រួសាររងផលប៉ះពាល់ដោយសង្គ្រាម ដែលខូចខាតផ្ទះចំនួន ២២៣គ្រួសារ មានទឹកប្រាក់ប្រមាណ ១.៤០០លានរៀល។
៤៖ បានបើកប្រាក់ជូនគ្រួសាររងផលប៉ះពាល់ដោយសង្គ្រាមមិនទាន់អាចវិលត្រឡប់ ទៅលំនៅខានវិញសរុប ៥៨៣គ្រួសារ មានទឹកប្រាក់ប្រមាណ ៣៦០លានរៀល៕



