ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព» 

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព» 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីព្រឹទ្ធសភា បានបញ្ជាក់ពីគោលបំណងទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព» ដើម្បីឆ្លើយតបទៅនឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានដាក់ចេញដោយសម្តេចតេជោ ប្រធានព្រឹទ្ធសភា គឺ៖ «ការលើកកម្ពស់ការទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន»។

នៅក្នុងរបាយការណ៍នាឱកាសព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត លោក ប្រាក់ សុខុន បានបញ្ជាក់ដូចនេះថា សំណង់អគារថ្មីនៃព្រឹទ្ធសភានេះ គឺត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានដាក់ចេញដោយសម្តេចតេជោ ប្រធានព្រឹទ្ធសភា គឺ៖ «ការលើកកម្ពស់ការទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន»។

វិមានសាមគ្គីភាព នឹងបំពេញតួនាទីជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជាទីកន្លែងទទួលភ្ញៀវ ឥស្សរជនជាន់ខ្ពស់ជាតិ និងបរទេសនានា អគារកេរដំណែល «វិមានរដ្ឋចំការមន ឬហៅថាអគារក្រហម» ដែលជាកេរមរតក និងស្នាព្រះហស្ត ដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» នឹងបន្តរក្សាតួនាទីដ៏សំខាន់ខ្ពង់ខ្ពស់ជាមជ្ឈមណ្ឌលសម្រាប់ «សម័យប្រជុំពេញអង្គព្រឹទ្ធសភា» ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីភាពជាតិ។

ការប្រសិទ្ធនាមអគារថ្មីនេះ ដោយសម្តេចតេជោប្រធានព្រឹទ្ធសភា ជា «វិមានសាមគ្គីភាព» ពិតជាមានអត្ថន័យប្រវត្តិសាស្ត្រ និងនយោបាយដ៏ជ្រាលជ្រៅ។ ជាមួយនឹង «វិមានសន្តិភាព និងវិមានមិត្តភាព» វិមាននេះនឹងរួមផ្សំជានិមិត្តរូបនៃមុំ «សន្តិភាព មិត្តភាព និងសាមគ្គីភាព» ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ «វិមានសាមគ្គីភាព» ក៏ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គី ក្នុងស្មារតីជាតិខ្មែរតែមួយ, សាមគ្គីភាពរវាងរដ្ឋនិងវិស័យឯកជន និងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធ ដែលទាំងអ្នកគូសប្លង់អ្នកសាងសង់ និងអ្នកជួយឧបត្ថម្ភថវិកា គឺជាខ្មែរទាំងអស់។

លោក ប្រាក់ សុខុន បានបន្ថែ​មថា «វិមានសាមគ្គីភាព» ត្រូវបានសាងសង់ឡើងក្នុងរយៈពេល ១៨ខែមានផ្ទៃក្រឡាសរុបជាង ២២ពាន់ម៉ែត្រការ៉េ ដោយមិនរាប់ផ្ទៃក្រឡាសួន និងក្រាលក្រានីត ៥ពាន់ម៉ែត្រការ៉េទៀត។ អគារនេះមានបណ្តោយ ៧៩ម៉ែត្រ, ទទឹង ៤៧ម៉ែត្រ, កម្ពស់ ៣៥ម៉ែត្រ និងមាន ៤ជាន់កន្លះ ដែលដំបូលរាបស្មើរបស់អគារបើជាព្រលានឧទ្ធម្ភាគចក្រ។

រចនាបទខាងក្រៅនៃ «វិមានសាមគ្គីភាព» ជាប្រភេទស្ថាបត្យកម្មសហសម័យ លាយបញ្ចូលគ្នារវាងស្ថាបត្យកម្ម នៃរចនាបទខ្មែរ និង Colonial ជាមួយនឹងការគិតគូររចនាយ៉ាងហ្មត់ចត់ទៅលើគ្រឿងលម្អ តួយ៉ាង បាំងខ្លែងនៅដំបូលទែរ៉ាស់ ផ្នែកខាងមុខដែលត្រូវបានស្រង់គំនិតចេញពីប្រាសាទបុរាណខ្មែរ។ ផ្ទៃខាងក្រៅអគារមានការរចនាល្បាក់ក្បាល និងជើងសសរ សសរផ្អោប រំលេចក្បាច់ផ្កាចន្ទន៍ នៅតាមបង្អួច និងបង្កាន់ដៃ ដើម្បីបង្ហាញ និងលើកកម្ពស់វប្បធម៌អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមានស្ថាប័ននីតិប្បញ្ញត្តិកំពូល។

នៅសងខាងច្រកចូលអគារ មានរូបចម្លាក់តោពីថ្មភក់ ដែលមានកម្ពស់ ៣,៦ម៉ែត្រ ចម្លងតាមរចនាបទអង្គរ ដើរតួជាឆ្មាំយាមមុខអគារ រីឯផ្លូវឡើងក៏អមទៅដោយបង្គោលសីមា តាមលំនាំច្រកចូលប្រាសាទបុរាណ ដែលមានមុខងារជាបង្គោលភ្លើងបំភ្លឺតាមផ្លូវជម្រាលឡាន និងលម្អដល់អគារផង។

ផ្នែកខាងក្នុង៖ នៅជាន់ផ្ទាល់ដី៖ មានបន្ទប់បណ្ណាល័យធំទូលាយ បន្ទប់ធ្វើការសម្រាប់មន្ត្រីនាយកដ្ឋានបណ្ណាល័យ និងនាយកដ្ឋានបណ្ណាសារ ព្រមទាំងបន្ទប់សម្រាប់កងកម្លាំងរក្សាសន្តិសុខអគារ ឃ្លាំង និងបន្ទប់បច្ចេកទេស។

នៅជាន់ទី១៖ មានសាលធំៗ និងសំខាន់ៗចំនួន២ គឺ «សាលពលាធិបតី» ដែលមានភាពធំទូលាយ សម្រាប់ការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំអន្តរជាតិ, និង «សាលអាហារភិរម្យ» សម្រាប់ពិធីលៀងសាយភោជន៍ និង
កិច្ចប្រជុំធំៗ។ សាលទាំងពីរនេះព្រមជាមួយនឹង «សាលទេសមន្ត» ជាបន្ទប់សន្និសីទសារព័ត៌មាន, និង «សាលសុខាល័យ» ជាបន្ទប់រង់ចាំសុទ្ធតែបំពាក់លម្អគ្រឿងឈើ និងស្ថាបត្យកម្មតាមរចនាបទខ្មែរ ដោយ
មានប្រើ «ក្បាច់ភ្ញីទេស និងភ្ញីអង្គរ» ក្នុងទម្រង់កន្ទុយហង្ស ផ្កាចន្ទន៍ ទេពប្រណម្យ និងសន្ធិយា។

«ជាន់ទី២ មាន «សាលតេជោធិបតី» ជាការិយាល័យផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា, «សាលពុទ្ធិជ័យ» ជាបន្ទប់សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាផង និងជាសាលជំនួបនិងចរចាទ្វេភាគីជាមួយគណៈប្រតិភូបរទេសផង។ រីឯ «សាលភគ្គវន្ត» ដែលមានន័យថា ជាទីដែលមានយស និងជោគដ៏ខ្ពង់ខ្ពស់ ត្រូវបានរៀបចំឡើងសម្រាប់ប្រមុខរដ្ឋស្ដីទីទទួលសារតាំងនៃតំណាងបណ្ដាប្រទេសជាមិត្ត និងទទួលភ្ញៀវជាន់ខ្ពស់បរទេស។
ក្រៅពីនេះមានបន្ទប់ជំនួបទ្វេភាគី, បន្ទប់ជប់លៀង, បន្ទប់រង់ចាំព្រមទាំងមានបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ។ បន្ទប់ទាំងអស់សុទ្ធតែត្រូវបានរចនាឡើងដោយប្រើប្រាស់គ្រឿងឈើ និងលម្អតាមស្ថាបត្យកម្មខ្មែរដ៏សម្បូរបែប រួមមានទាំងការតុបតែងដោយចម្លាក់ថ្មភក់ ចម្លាក់ឈើ ស្បែក និងសិល្បៈជាងទង ជាដើម។

នៅជាន់ទី៣៖ ជាការិយាល័យរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា (គឺអនុប្រធានទី១និងទី២) ព្រមទាំងមានការិយាល័យអគ្គលេខាធិការដ្ឋាន បន្ទប់ធ្វើការបន្ទប់ប្រជុំ និងបន្ទប់ទទួលភ្ញៀវផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមទៀតថា ការប្រសិទ្ធនាមសាល និងបន្ទប់សំខាន់ៗនៃ «វិមានសាមគ្គីភាព» ខាងលើជាមួយនឹងអត្ថន័យដែលផ្សារភ្ជាប់ទៅនឹងមុខងាររបស់សាលនិងបន្ទប់នីមួយៗ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃអរិយធម៌ខ្មែរដ៏រុងរឿងនិងប្រវត្តិសាស្ត្រដ៏យូរលង់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.