កែប ៖ នៅព្រឹកថ្ងៃទី១០ខែសីហា ឆ្នាំ២០១៧នេះ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានធ្វើពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុង-ខេត្តកែប។ក្នុងនោះដែរក៏មានការចូលរួម ពីសំណាក់អស់លោក ជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជំនាញនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រៀមប្រឡងសញ្ញាបត្រទុតយភូមិ(បាក់ឌុប)ចំនួន១០៩នាក់ផងដែរ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកកែន សត្ថា អភិបាលខេត្ត បានក្រើនរំលឹកដល់ សិស្សានុសិស្ស ក្នុងវិទ្យាល័យ ពិសេសសិស្សដែលជាបេក្ខជនដែលត្រៀមប្រឡងយកសញ្ញាបត្រ ទុតយភូមិ(បាក់ឌុប)ត្រូវខិតខំប្រឹងប្រែងនិងពង្រឹងសមត្ថភាព ខ្លួនឯងដើម្បីត្រៀមប្រកួតប្រជែងយកជ័យលាភីជាសិស្សឆ្នើម និទ្ទេសAឲ្យបាន។លោកបញ្ជាក់ថា ការប្រឡងបាក់ឌុបដែលនឹងត្រូវប្រព្រឹត្តនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សង្ឃឹមថា ក្មួយៗជាបេក្ខជនប្រឡងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព សម្រាប់ជួយលើកកិតិ្តយសដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាជួយលើកមុខមាត់ដល់ខេត្តយើងទាំងមូលផងដែរ។
ជាមួយនេះ លោកកែន សត្ថា ក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្សទាំងអស់ដែលខិតខំបង្កើនចំណេះដឹងដល់សិស្ស និស្សិត ពិសេសការអប់រំទូន្មានបានល្អប្រសើរ លើវិស័យធនធានមនុស្ស។ដោយផ្តោតការសំខាន់លើវិស័យអប់រំ និងសិក្សាធិការ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស លោកគ្រូ អ្នកគ្រូ បានផ្តល់នូវចំណេះដឹងដល់ស្រទាប់យុវជន ដែលជាទំពាំងស្នងឫស្សី ហើយវិស័យនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការស្តានិងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។
បន្ទាប់ពីមានប្រសាសន៍ផ្តាំផ្ញើរ លោកកែន សត្ថា ក៏បាន ឧបត្ថម្ភថវិកាមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡងយកសញ្ញាបត្រទុតយភូមិ ហើយក៏ត្រៀមនឹងផ្តល់រង្វាន់សម្រាប់ សិស្សជាប់និទ្ទេសA នូវម៉ូតូ១គ្រឿងរបស់ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម ហើយលោក កែន សត្ថា អភិបាលខេត្តកែបផ្តល់ថវិកាបន្ថែមចំនួន១០០០ដុល្លា និងលោក ងួន ច័នសុជាតា ប្រធាន ស ស យ ក ផ្តល់ជូន៥០០ដុល្លាថែមទៀតផង។
ដូច្នេះ សិស្សដែលជាបេក្ខជនប្រឡងយកសញ្ញាបត្រ ទុតយភូមិ(បាក់ឌុប)ដែលនឹងត្រូវប្រព្រឹត្ត ក្នុងថ្ងៃទី២១ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ត្រូវខិតខំប្រជែងឲ្យអស់ពីសមត្ថភាព គឺដណ្តើមយកនិទ្ទេសAឲ្យបាន ព្រោះរង្វាន់ម៉ូតូ១គ្រឿង និងទឹកប្រាក់ចំនួន១៥០០ដុល្លា កំពុងរង់ចាំហើយ ៕
ណារិទ្ធ






