ថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញជាអធិបតីប្រជុំ “ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់រវាង មន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ ខេត្តកំពង់ឆ្នាំង”
កំពង់ឆ្នាំង៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងមន្ដ្រីនគរបាលយុត្តិធម៍ និងតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
ក្រៅពីកិច្ចប្រជុំនេះ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តមអគ្គព្រះរាជអាជ្ញា និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនកិច្ចអំពីការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមាន បន្ទប់សវនការ បន្ទប់ប្រជុំ បណ្ណាល័យ និងកន្លែងទទួលពាក្យបណ្តឹង និងលិខិតរដ្ឋបាលផ្សេងៗ។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមអគ្គព្រះរាជអាជ្ញារង, ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ឯកឧត្តមព្រះរាជអាជ្ញា, លោកអនុប្រធានសាលាដំបូង, លោក-លោកស្រីព្រះរាជអាជ្ញារង, លោក-លោកស្រីចៅក្រម, លោកស្នងការរងនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកអនុប្រធានពន្ធនាគារខេត្ត, ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អធិការនគរបាលក្រុង-ស្រុក ទាំង៨, មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៨, លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន និងមន្ដ្រីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕




