ភ្នំពេញ: នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ចុះធ្វើការស្រាវជ្រាវស្វែងរកការពិតពាក់ព័ន្ធករណីប្រជាពលរដ្ឋប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកូនចៅ ទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធការប្រើអំណាច តួនាទីសំឡុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។ នេះបើតាមមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ចំណែកលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៩ ខែសីហានេះថា គណៈកម្មការចំពោះកិច្ចបានបង្កើតដើម្បីចុះស្រាវជ្រាវករណីនេះហើយ ដើម្បីរកឲ្យឃើញការពិតតើវាដូចជាការចោទប្រកាន់មែន ឬក៏អត់? ប៉ុន្តែបើសិនរកឃើញថា មានការប្រព្រឹត្តដូចការចោទប្រកាន់មែននោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមមន្ត្រីពាក់ព័ន្ធនឹងត្រូវដាក់វិន័យកងកម្លាំង។ តែបើរកមិនឃើញដូចជាការចោទប្រកាន់ទេនោះ នឹងប្តឹងបុគ្គលដែលចោទប្រកាន់នោះវិញ។ “រឿងនេះ ប្តឹងក៏ប្តឹងទៅ ជាធម្មតាអ្វីដែលគេប្តឹងយើងមើលទៅ បើសិនជាប្រព្រឹត្តមែនយើងទទួលខុសត្រូវ។ ក៏ប៉ុន្តែឯកឧត្តមព្រះរាជអាជ្ញាក៏បានបញ្ជាក់មកនីតិវិធីក្នុងការដែលគាត់ឲ្យស្តាប់ចម្លើយជនសង្ស័យទេ មិនមែនគាត់ជាអ្នកយកសំបុត្រមកទេ គាត់ចេះតែនិយាយកុហក”។
ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានធ្វើលិខិតជម្រាបជូនទៅនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ និងដោះស្រាយករណីប្រជាពលរដ្ឋប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកូនចៅ ពាក់ព័ន្ធការប្រើអំណាច តួនាទីសំឡុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។
ការធ្វើលិខិតជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងករណីនេះ។
យោងតាមលិខិតរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានទទួលពាក្យសុំអន្តរាគមន៍មួយច្បាប់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ របស់ឈ្មោះ ជា វុទ្ធី មានទីលំនៅភូមិ/ឃុំ/ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គោរពចូលមកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងករណីលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ និងលោកភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រើប្រាស់អំណាច តួនាទីសំឡុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានបន្តថា តាមការអះអាងរបស់ឈ្មោះ ជា វុទ្ធី បានបញ្ជាក់ថា ៖ “ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ ខ្ញុំបានយកលិខិតផាកពិន័យចេញពីមន្ទីររ៉ែ និងថាមពល អំពីរឿងអ្នករុករកថ្មម៉ាប ដើម្បីយកទៅឱ្យមន្ត្រីកងរាជអាវុធហត្ថត្រួតពិនិត្យ ដោយខ្ញុំបាទបានទៅដោយផ្ទាល់ដល់ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ នៅទីនោះមានវត្តមានលោក អៀង វ៉ាន់ឌី និងលោកភុយ ខ្វៃ និងមានកូនចៅមួយចំនួនទៀត។ ក្រោយពីបានប្រគល់លិខិតរួចហើយ រូបគាត់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ចាប់សម្លុត គំរាមកំហែង និងបង្ខំឱ្យខ្ញុំឆ្លើយតាមរបាយការណ៍ដែលពួកគេបានរៀបចំរួចជាស្រេច និងឲ្យផ្តិតមេដៃទាំងគាត់ទាំងគាត់មិនបានដឹងអ្វីទាល់តែសោះ ថាអ្នកណាជាអ្នកប្រព្រឹត្ត ព្រោះគាត់ គ្រាន់តែជាអ្នកនាំសារយកក្រដាសផាកពិន័យមកឱ្យកងរាជអាវុធហត្ថពិនិត្យមើលប៉ុណ្ណោះ។ លើសពីនេះមន្ត្រីកងរាជអាវុធហត្ថខាងលើ បានរឹបអូសយកម៉ូតូ ទូរស័ព្ទដៃ និងប្រាក់មួយចំនួន រួចបន្តឃុំខ្លួនគាត់នៅទីនោះអស់រយៈពេល១ថ្ងៃ១យប់”។
ជាមួយគ្នានេះ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា សូមនាយឧត្តមសេនីយ៍ សៅ សុខា ពិនិត្យ និងដោះស្រាយករណីនេះតាមការគួ។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មិនធ្វើអត្ថាធិប្បាយទេ៕




