សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់អតីតកីឡាកររជើងរន្ទះ ក្រាក់ សម្ភស្ស
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ រហស្សនាម”ជើងរន្ទះ” ក្រាក់ សម្ភស្ស ដែលគេដឹងថា កំពុងជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន កម្ពុជាថ្មី ។ តាមសារពត៌មានកម្ពុជាថ្មី ថវិកានោះនឹងត្រូវយកទៅប្រគល់ដល់ដៃអតីតកីទ្បាករក្រាក់សម្ភស្ស នៅថ្ងៃនេះតែម្តង។
គួរបញ្ជាក់ថា ក្រាក់ សម្ភស្ស គឺជាអតីតកីឡាករប្រដាល់ជើងខ្លាំងមួយរូបតាំងពីទសវត្សរ៍១៩៩០ មកម្លេះ។បើតាមប្រវត្តិ អតីតកីទ្បាករក្រាក់ សម្ភស្ស ធ្លាប់ទ្បើងសង្វៀនប្រកួតមិនតិចជាង១០០០ដងនោះទ្បើយទាំងក្នុងប្រទេសនិងក្រៅប្រទេស ក្នុងនោះក៏ធ្លាប់ទាត់ឲ្យគូរប្រកួតរហូតស្លាប់ចំនួន៤នាក់( ជនជាតិថៃ៣នាក់ ខ្មែរម្នាក់) ផងដែរ។
ប៉ុន្តែមិនដឹងមូលហេតុអ្វីក៏ស្រាប់តែអតីតកីទ្បាកររូបនោះបាត់មុខពីសង្វៀនប្រដាល់។តាមការឲ្យដឹងពីអ្នកជិតស្នឹទ គឺក្រាក់សម្ភស្សបាត់មុខលើវិស័យប្រដាល់គុណខ្មែរអស់រយៈពេល២០ឆ្នាំ មកហើយ ហើយទើបតែពេលនេះលេចមុខជាមួយនឹងជីវភាពលំបាកយ៉ាងខ្លាំង។ក្រោយមកក៏មានសប្បុរសជនជាច្រើន បានជួយឧបត្ថម្ភជាថវិកា ជាបន្តបន្ទាប់ដល់អតីតកីទ្បាកររូបនោះ។ អតីតកីឡាករ ក្រាក់ សម្ភស្ស និងគ្រួសារត្រូវបានគេដឹងថាកំពុងរស់នៅក្នុងខ្ទមតូចមួយនៃទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង៕




