ឯកឧត្តមវេងសាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកបក្ស
នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភាឆ្នាំ២០២២ ឯកឧត្តមវេង សាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកបក្សចំនួន ១ ៥០០នាក់ ក្នុងបរិវេណវត្តព្រះឯករង្សី វិហារទន្ទឹមក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម។ ក្នុងពិធីនេះក៏មានវត្តមាន ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារ និងសហការីចុះឃុំវិហារធំ ឃុំក្រឡា ឃុំគគរ និងឃុំហាន់ជ័យ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងភូមិយ៉ាងច្រើនកុះករ។
បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយលោកមេឃុំវិហារធំ រួចមក ឯកឧត្តមប្រធានក្រុម ការងារបានធ្វើការសំណេះសំណាលជាមួយបងប្អូនសមាជិកបក្សប្រកបដោយកាយវិការ គោរពស្រឡាញ់ រាក់ទាក់រាប់អាន ស្និទ្ធស្នាល និងនឹករលឹកបងប្អូនយើងជាពន់ពេក ក្រោយពេលបានវិលត្រឡប់មករៀបចំពិធីជួបជុំដែលមានសមាជិក សមាជិកាអញ្ជើញចូលរួមយ៉ាងច្រើនកុះករដូចព្រឹកនេះ បន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ បាននិងកំពុងវិវត្តន៍ទៅរកស្ថានភាពប្រក្រតីឡើងវិញ។
ឆ្លៀតយកឱកាសជួបជុំរវាងក្រុមការងារថ្នាក់ជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន លោកបានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនសមាជិកបក្សដែលមានវត្តមាន និងបងប្អូនទូទាំងឃុំ ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។
ខ្លឹមសារនៃការសំណេះសំណាលលោកបានលើកយកប្រធានបទសំខាន់មកបកស្រាយជូនបង ប្អូនបានជ្រាបជាបន្តបន្ទាប់ដូចខាងក្រោម ៖
១- ការអភិវឌ្ឍប្រទេសជាតិដោយចាប់ផ្តើមពីចំណុចសូន្យក្រោយសង្គ្រាម ជាជំហានៗមកដល់ ពេលបច្ចុប្បន្ន ហើយលោកក៏បានលើកយកសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋបានជ្រាប និងជាពិសេសស្នាដៃដ៏ឧត្តុង្គឧត្តមដែលគណបក្សយើងបានកសាងឡើង។
២- ស្ថានភាពសេដ្ឋកិច្ចរបស់ជាតិមុន និងពេលបច្ចុប្បន្ន បន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានវិវត្តន៍ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសសកម្មភាពសង្គម និងសេដ្ឋកិច្ចជាតិបាននិងកំពុងចាប់ផ្តើមដំណើរការដូចមុនវិបត្តិកូវីដ-១៩។
៣- ផល់ប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកល និងសេដ្ឋកិច្ចជាតិយើងដោយសារសង្គ្រាមរុស្សី-អ៊ុយក្រែន។
៤- វឌ្ឍនភាពវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមុនពេល ក្នុងអំឡុងពេល និងពេលបច្ចុប្បន្ន។
៥- វិលមកការងារមូលដ្ឋាន លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុម ការងារចុះឃុំវិហារធំ សហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋានសម្រេចបាន។
៦- ណែនាំឲ្យប្រជាពលរដ្ឋត្រូវឧស្សាហ៍ព្យាយាមចិញ្ចឹមសត្វ ត្រី និងដាំបន្លែ ដែលជាស្បៀងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
៧- លើកទឹកចិត្តឲ្យកូន ចៅឲ្យទៅសិក្សារៀនសូត្របានទៀងទាត់តាមកម្មវិធីសាលាដើម្បីចៀស ឲ្យផុតពីអនក្ខរភាព ភាពក្រីក្រ និងត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ។
លោកបានជូនពរឲ្យបងប្អូនឃុំវិហារធំ ទទួលបានជ័យជំម្នះ ឈ្នះឆ្នោតនាពេលខាងមុខ គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនេះ លោកបានឧបត្ថម្ភ មេឃុំវិហារធំ ១លាន អ្នករៀបចំកម្មវិធី ១លានរៀល ព្រះចៅអធិការថវិកា ២លានរៀល។ ដោយឡែក សមាជិកបក្ស ចំនួន១៥០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀលផងដែរ៕សហការី







