នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើនូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
១. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងទាំងអស់ ត្រូវអនុវត្តនូវរាល់តួនាទី ភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមផែនការ ដែលបានដាក់ចេញ ទាំងនៅក្នុងពេល ឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ជាពិសេស ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។
២. កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ដាច់ខាត ត្រូវពង្រឹងការការពារសន្តិសុខ ឲ្យបាន ហ្មត់ចត់បំផុត និងត្រូវចាត់វិធានការ តាមច្បាប់ ឲ្យបានតឹងរ៉ឹង លើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត។
៣. អាជ្ញាធរដែនដី និងមេបញ្ជាការកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ តាមដានសភាពការណ៍ និងការប្រែប្រួល ឲ្យបានទាន់ពេល ដើម្បីសហការជាមួយ គណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ថ្នាក់ មានវិធានការអប់រំ បំភ្លឺជូនមហាជន ឲ្យបានយល់ពីហេតុការណ៍ ដែលបានកើតឡើង និងចំណាត់ការរបស់សមត្ថកិច្ច ដើម្បីឲ្យគេទាំងអស់គ្នា រក្សាបាននូវភាពស្ងប់ស្ងាត់ ហ្នឹងហ្ន ដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។
៤. អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការ នៅនឹងកន្លែងឲ្យបាន រហ័សបំផុត ទៅលើហេតុការណ៍ និងឧបទ្ទវហេតុផ្សេងៗ ដែលកើតឡើងក្នុងមូលដ្ឋាន សំដៅទប់ស្កាត់ សកម្មភាពបំពុលបរិយាកាស ឬកេងប្រវ័ញ្ច ខាងផ្នែកនយោបាយពីមជ្ឈដ្ឋាន មួយចំនួន។
៥. មេបញ្ជាការកងកម្លាំងទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវរៀបចំ ផែនការលម្អិត ដោយឡែក យោងតាមតួនាទីភារកិច្ច និងការទទួលខុសត្រូវ ដែលមានកំណត់ ក្នុងផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចាត់ចែងអនុវត្តភារកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការរៀបចំការបោះឆ្នោត ឲ្យសម្រេច ជោគជ័យ លើគ្រប់ដំណាក់កាល ។
៦. បង្កើនការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅ គ្រប់មូលដ្ឋានទូទាំងខេត្ត ដើម្បីក្ដាប់ឲ្យបានជាមុន នូវគ្រប់ឧបាយកល ផែនការសកម្មភាព របស់ជនខិលខូច ដែលប៉ុនប៉ងបង្កជាឧបសគ្គ ឬបំផ្លាញដំណើរការរៀបចំការបោះឆ្នោត ដើម្បីមានវិធានការ ទប់ស្កាត់ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា។
៧. ក្ដាប់ឲ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្ដុំ ទាមទារតវ៉ាលើបញ្ហាផ្សេងៗ ដើម្បីមានវិធានការ ដោះស្រាយដោយសន្តិវិធី ឲ្យបានសមស្រប និងមានប្រសិទ្ធភាព។
៨. ចំពោះមុខ រាល់គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗ ដែលកើតឡើង នៅមូលដ្ឋាន ត្រូវខិតខំ ដោះស្រាយពីដើមទី ដោយមិនត្រូវទុកឲ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមាន ចលាចលសង្គម និងក្លាយជាឧបករណ៍ នៃការកេងចំណេញ ផ្នែកនយោបាយ។
៩. ពង្រឹងការចាត់តាំងអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែសកម្ម ថែមទៀត ទាំងការប្រជុំផ្សព្វផ្សាយ និងការធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋាន ភូមិ ឃុំ។
១០. ជំរុញ និងរឹតបន្តឹងការអនុវត្តវិធានការ បង្ការហេតុការណ៍គ្រោះថ្នាក់នានា និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើសលួច ប្លន់ប្រដាប់អាវុធ អំពើមនុស្សឃាត អំពើហិង្សា បង្ករបួសស្នាម និងការគំរាមកំហែង បំភិតបំភ័យ ជាដើម ។
១១. នៅក្នុងដំណាក់កាល នៃការឃោសនាបោះឆ្នោត ជនខិលខូចមួយចំនួន នឹងឆ្លៀតឱកាស យកបញ្ហាទាំងអស់នេះ ផ្សារភ្ជាប់ទៅនឹងរឿងនយោបាយ ដូច្នេះ កងកម្លាំងយើងទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារឲ្យបានល្អ នូវសុវត្ថិភាព ចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោត សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលឃោសនា ជាពិសេសត្រូវមានការអត់ធ្មត់ ឲ្យបានជា អតិបរមា៕/V




