រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា កិច្ចដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែង យ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយដែលបានចូលរួម
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក ឡើងថា កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេល ខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់ គណបក្សនយោបាយដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយ នឹងកើតឡើង នូវទំនាស់ ឬបទល្មើសផ្សេងៗអាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់ កិច្ចដំណើរការ ទៀតផង។
សម្តេចក្រឡាហោម បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ អន្តរ ស្ថាប័ន ស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះ ឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នៅថ្ងៃទី២៩ ខែមេសានេះ។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា «ការបោះឆ្នោតនៅថ្នាក់ជាតិ ថ្នាក់ក្រោម ជាតិជាច្រើនលើកច្រើនសារនាពេលកន្លងមក រួមទាំងការបោះឆ្នោត ជាបន្តបន្ទាប់នាពេល ខាងមុខនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រកបដោយ មោទនភាពជាតិដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្ស នយោបាយ ក្នុងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍ ប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿង ប្រកបដោយសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។ ទោះបីស្ថានការណ៍ជាទូទៅមានលក្ខណៈល្អប្រសើរ ហើយការរៀបចំមូលដ្ឋានគ្រឹះ សម្រាប់ធានាសន្តិសុខត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួល ខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែសម្ដេច បានសង្កត់ធ្ងន់ថាកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុក របស់គណបក្សនយោបាយដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើត ឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗអាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់ កិច្ចដំណើរការទៀតផង។ នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម។
សម្ដេចបានផ្ដល់ការណែនាំឱ្យប្រគល់តួនាទីជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តដែលជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានីខេត្ត ទទួលខុសត្រូវដឹកនាំដោយ ផ្ទាល់ក្នុងកិច្ចការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្ត របស់ខ្លួន។ សម្ដេចបន្តថា «គ្រប់ហេតុការណ៍ ទំនាស់ផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃដែលអាចបង្កឱ្យមាន ចលាចលសង្គម ក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយឡើយ»។
ភ្ជាប់នឹងការណែនាំមួយចំនួនទៀតនោះ សម្ដេចក៏ស្នើឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់មានជំហរអព្យាក្រឹត្យ គោរពច្បាប់ស្ដី បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដោយត្រូវបង្កភាពងាយស្រួល និងផ្ដល់សេវា សន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង។
សម្ដេចក៏បានអំពាវនាវគ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ចូលរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្នុងដំណើរការបោះឆ្នោត ដើម្បីឱ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតបន្តបន្ទាប់ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ៕

.j.jpg)




