ភ្នំពេញៈ “គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលបានដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេស សម្រេចសមិទ្ធផលធំៗ ច្រើនជាងគេបំផុត ដោយឈរលើ គោលការណ៍ “អ្វីៗដើម្បីបុព្វហេតុជាតិមាតុភូមិ”។ សមិទ្ធផលទាំងអស់ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មិនបានកើតមានឡើង ដោយចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាផ្លែផ្កា នៃកត្តាអ្នកដឹកនាំ ដែលមានចក្ខុវិស័យច្បាស់លាស់ ក្នុងបុព្វហេតុ បម្រើប្រជាពលរដ្ឋ, គិតគូរដល់ប្រយោជន៍ជាតិជាធំ និងដល់ប្រជាពលរដ្ឋ គ្រប់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ ទទួលបានជីវភាពរស់នៅថ្លៃថ្នូរ”។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ជុំវិញរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ លោកគ្រូ អ្នកគ្រូ គឺជាមូលធនមនុស្សដ៏សំខាន់បំផុត ដែលសំបូរហូរហៀរ ទៅដោយបណ្តុំគំនិត ចំណេះដឹង និងគុណធម៌ ប្រកបដោយកិត្តិយស ខ្ពង់ខ្ពស់ និងគឺជាអ្នកដើរតួនាទីស្នូល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាំងពីកុមារ រហូតដល់ធំពេញវ័យ តាមរយៈការបង្ហាត់បង្រៀន បណ្តុះសមត្ថភាព និងការចែករំលែក ចំណេះវិជ្ជា រួមជាមួយការអប់រំផ្នែកសីលធម៌ គុណធម៌ដល់ប្អូនៗ ក្មួយៗ ជាទំពាំងស្នងប្ញស្សី ឱ្យក្លាយទៅជាសិស្សល្អ នៅក្នុងសាលារៀន ជាកូនល្អនៅក្នុងគ្រួសារ និងជាពលរដ្ឋល្អ ដែលមានមហិច្ឆតា ចង់បានការអភិវឌ្ឍ ចំណេះដឹង និងការរីកចម្រើនជឿនលឿន របស់សង្គមជាតិ។ នៅពេលយើង សំបូរដោយធនធានមនុស្សខ្លាំង នោះប្រទេសជាតិយើង នឹងខ្លាំង និងប្រកបដោយភាពម្ចាស់ការរឹងមាំ លើគ្រប់វិស័យ។
លោកបានលើកឡើងថាៈ “ការវិនិយោគលើគ្រូបង្រៀន គឺដើម្បីធ្វើឱ្យប្រទេសជាតិ កាន់តែរីកចម្រើន រឹងមាំ និងម្ចាស់ការ”។ ស្របនឹងទស្សនវិស័យនេះ គណបក្សប្រជាជនកម្ពុជា បានគិតគូរយកចិត្តទុកដាក់ខ្ពស់ និងចាត់វិស័យអប់រំ ជាវិស័យស្នូលចម្បងមួយ នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ហើយគោលនយោបាយ ដែលបានដាក់ចេញកន្លងមក គឺតែងបានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកទឹកចិត្ត តាមរយៈការផ្តល់នូវ អត្ថប្រយោជន៍ ផ្នែកសុខមាលភាពសង្គមផ្សេងៗ ជាប់ជាប្រចាំ ចំពោះលោកគ្រូ អ្នកគ្រូ ដែលត្រូវមានអម្រែក ក្នុងការបន្តខិតខំពង្រឹង និងអភិវឌ្ឍន៍ សមត្ថភាពបន្ថែមទៀត ដើម្បីចែករំលែក ដល់សិស្សានុសិស្ស។

លោក ហ៊ុន ម៉ាណែត បានអរគុណគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំ ប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជា មហាគ្រួសារដ៏ធំមួយ ជាមួយនឹងសមាជិក សមាជិកា ជាង ៣.៥០០ អញ្ជើញមកពីគ្រឹះស្ថាន សិក្សា ក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងបរិបទក្រោយពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ទើបបានសម្រេចលើកលែង កាតព្វកិច្ចការពាក់ម៉ាស់ នៅតាមកន្លែងទីសាធារណៈ ជាទីលំហ ឬកន្លែងដែលមានចរន្តខ្យល់ ចេញចូលល្អ នៅទូទាំងប្រទេស រួមជាមួយនឹងការបន្តជំរុញ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅ ដើម្បីបន្តធានានូវនិរន្តភាព នៃបង្កើនភាពស៊ាំសហគមន៍ ឱ្យកាន់តែរឹងមាំ។ ទាំងអស់នេះ ក៏បានបង្ហាញផងដែរ អំពីការវិវត្តវិជ្ជមាន ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ខ្ពស់នៃ ស្ថានការណ៍គ្រប់គ្រង ការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕



