
ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទក្រោយពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់
ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការ ពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងចម្រុះទាំង ៣ប្រភេទ ដែលបានបំពេញបេសកកម្មការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានប្រសាសន៍លើកឡើង ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់ នៅប្រកបដោយភាពសុខដុមហើយអាចប្រារព្ធពិធីបុណ្យធំៗបាន ដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបុណ្យភ្ជុំបិណ្ឌជាដើម ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ថា ដោយសារការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ យើងខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន ២ឆ្នាំមកហើយប៉ុន្តែនៅឆ្នាំនេះ ដោយសារការអនុវត្តន៍វិធានទប់ស្កាត់ការចម្លងរីករាលនៃជំងឺ កូវីដ១៩ មានប្រសិទ្ធភាពក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេច តេជោ ហ៊ុន សែន ទើបឆ្នាំនេះយើងអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេស ។
ជាក់ស្តែងនៅខេត្តប៉ៃលិនឆ្នាំនេះ រដ្ឋបាលខេត្តប៉ៃលិនក្រោមកិច្ចដឹក នាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានរៀបចំសង្ក្រាន្តយ៉ាងល្អសម្រាប់បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្រោមកិច្ចថែរក្សា ការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាពពីសំណាក់កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចម្រុះ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍កោតសសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំងចម្រុះទាំង ៣ប្រភេទ ដែលបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ និងខិតខំបំពេញការងារទាំងកម្លាំងកាយចិត្តប្រកបទៅ ដោយការទទួលខុសត្រូវខ្ពស់ដើម្បីបំពេញបេសកកម្មថែរក្សាព្រមទាំងការពារសណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនាឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន បានឧបត្ថម្ភដល់កងកម្លាំងចម្រុះទាំង ៣ប្រភេទរួមមាន៖
១.ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានភេសជ្ជៈ ចំនួន ១០០ កេស និងថវិកា ២លានរៀល ២.កងរាជអាវុធហត្ថខេត្ត ទទួលបានភេសជ្ជៈ ចំនួន ៦០កេស និងថវិកា ២លានរៀល។
៣.តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលបានភេសជ្ជៈ ចំនួន ១០០ កេស និងថវិកា ២លានរៀល ចំណែកកងកម្លាំងចម្រុះក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។
















