លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីជាកម្លាំងចលករចួលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍ជាតិ
(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន បញ្ជាក់ថា ស្ត្រីជាកម្លាំងចលករ ក្នុងចួលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ លោកជំទាវបានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំខណ្ឌឫស្សីកែវ។
លោកជំទាវក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក ។ ជាពិសេស បានធ្វើឱ្យកាន់តែប្រសើរឡើងនូវ មនុស្ស ទឹក ផ្លូវ ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។
លោកជំទាវក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌឫស្សីកែវ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍របស់សុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការណ៍គ្នាជម្រុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីគឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងចួលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។ លោកជំទាវក៏បានជម្រុញដល់នារីគ្រប់ថ្នាក់ ត្រូវចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ដូចភ្លៀងរលឹម ដើម្បីបន្តផ្សព្វផ្សាយសមិទ្ធិផលសំខាន់រាជរដ្ឋាភិបាល ជម្រុញសកម្មភាពមហាជនឲ្យកាន់តែសកម្ម និងជាប់ជាប្រចាំ ជាពិសេស ត្រូវស្វែងយល់អំពីបញ្ហាប្រឈម និងព្យាយាមចូលរួមដោះស្រាយនូវតម្រូវការរបស់ពួកគាត់ តាមលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀបឈ្នះរបស់ គណបក្សឲ្យបានតាមរយៈ យុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក។
សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៧៣នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល៕

















