រដ្ឋសភាកម្ពុជា ត្រៀមរួចរាល់សម្រាប់ការទទួលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា នៅកម្ពុជា

តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណ រដ្ឋឥណ្ឌា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នាពេលនេះ គឺធ្វើឡើង ក្នុងឱកាសខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ជាពិសេសដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយ ថែមទៀត។

សូមបញ្ជាក់ថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយឥណ្ឌា ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥២ គឺមុនពេលដែលកម្ពុជាទទួលបានឯករាជ្យភាពបរិបូរណ៌ពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នេះសបញ្ជាក់ឱ្យឃើញថា មិត្តភាពកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ។

នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា គ្រោងនឹងមានកម្មវិធីសំខាន់ៗ រួមមាន ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នាខេត្តសៀមរាបផងដែរ៕