
សម្តេចហ៊ុនសែនបានវាយតម្លៃស្ថានការណ៍ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននាព្រឹកថ្ងៃពុធថ្លែងដោយលើកយកពីការឆ្លងជំងឺកូវីដ១៩ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខណៈដែលប្រជាពលរដ្ឋប្រមាណជាង៥លានបានដើរកម្សាន្តនៅទូទាំងប្រទេស។សម្តេច ហ៊ុន សែនបានវាយតម្លៃស្ថានការណ៍ក្រោយពេលចូលឆ្នាំថាភាពស៊ាំក្នុងសហគមន៍ពេលនេះមានកម្រិតខ្ពស់ ទើបការឆ្លងកូវីដ១៩នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថិតក្នុងតួលេខទាប។«សម្រាប់ខ្ញុំមិនអត្តនោម័តទេ ពេលនេះខ្ញុំអាចវាយតម្លៃបានថាភាពស៊ាំនៅក្នុងសហគមន៍យើងខ្ពស់ណាស់»។នេះគឺជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រីដែលថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤នាព្រឹកថ្ងៃទី២០មេសានេះដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ឆ្លងនៃជំងឺកូវីដ១៩ក្រោយការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។ភាពស៊ាំនៅក្នុងសហគមន៍ ដែលសម្តេចបានលើកឡើងអំពីការទទួលបានវ៉ាក់សាំងរបស់ពលរដ្ឋ។ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលរូបនេះថានឹងបន្តតាមដានស្ថានភាពឆ្លងដ្បិតការឆ្លងនៅថ្ងៃពុធនេះបានការកើនឡើងបន្តិច។ បើតាមសម្តេចហ៊ុនសែននៅថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងថ្មីមាន២៧នាក់ខណៈកាលពីថ្ងៃអង្គារម្សិលមិញមាន១៤នាក់។សម្តេចហ៊ុនសែនវាយតម្លៃថាករណីនេះមិនទាន់ជាសភាពធ្ងន់ធ្ងរនៅឡើយនោះទេហើយត្រូវបន្តតាមដានដោយម៉ត់ចត់ក្នុងរង្វង់១០ថ្ងៃទើបអាចកំណត់សភាពការណ៍នៃការឆ្លងជំងឺកូវីដ១៩បាន។ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ថាបញ្ហាឆ្លងកូវីដ១៩គួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ។ បើតាមលោកស្រីឱ វណ្ណឌីន ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយនោះទេ ព្រោះពិធីចូលឆ្នាំប្រពៃណីខ្មែរ ទើបតែបញ្ចប់។ហើយបញ្ហានេះត្រូវបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះនៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។សម្ដេចហ៊ុនសែនបានលើកឡើងពីកត្តាសំខាន់មួយចំនួនដែលបានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីរាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងមកដែលទើបបញ្ចប់ បន្ទាប់ពីការអាក់ខានរយៈពេល២ឆ្នាំ(២០២០និង២០២១)ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។សម្ដេចតេជោហ៊ុន សែន បានថ្លែងថា កត្តាទី១គឺសុខសន្តិភាព ដោយសម្តេចបានអះអាងថា ប្រសិនបើគ្មានសន្តិភាពទេកុំនិយាយពីសិទ្ធិមនុស្សនិយាយពីប្រជាធិបតេយ្យ។បើនិយាយពីនៅថ្ងៃ ១៧ ខែមេសា កាលពី ៤៧ ឆ្នាំមុន ប្រជាជនកំពុងត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញដោយរបបខ្មែរក្រហម ហើយ៤៧ឆ្នាំក្រោយប្រជាជនសម្រុកចូលទីក្រុងភ្នំពេញវិញបន្ទាប់ពីត្រឡប់ពីការដើរកម្សាន្តសប្បាយនៅតាមបណ្ដាខេត្តនានាក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ។សម្តេចតេជោបានអះអាងថាសន្តិភាពបានផ្តល់ឱកាសឱ្យពលរដ្ឋកម្សាន្តសប្បាយ ហើយតំបន់ធ្លាប់ជាសមរភូមិប្រយុទ្ធបានក្លាយទៅជាតំបន់ទេសចរណ៍របស់ប្រជាជន សម្ដេចអំពាវនាវឱ្យខិតខំថែរក្សាសន្តិភាពនេះឱ្យបាន បើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ កត្តាទី២ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវមានស្ពានដើម្បីងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ។ សម្ដេចតេជោលើកឡើងថាកន្លងទៅយើងធ្លាប់ឆ្លងសាឡាងនៅព្រែកក្តាម ព្រែកតាមាក់ ទន្លេបិទ អ្នកលឿង ក្រូចឆ្មារ-ស្ទឹងត្រង់ ឥឡូវមិនមានឆ្លងសាឡាងទៀតទេ គឺមានស្ពានហូរហែរ។ការអភិវឌ្ឍរបស់កម្ពុជាមិនថយក្រោយទេដោយយើងខិតខំវិនិយោគដោយខ្លួនឯង រកទុនពីបរទេសមកដើម្បីធ្វើផ្លូវធ្វើស្ពាន។ ត្រង់ចំណុចនេះ សម្តេចក៏បានប្រកាសសាងសង់ស្ពានបេតុង នៅកោះយ៉-បាក់ខ្លង ខេត្តកោះកុងផងដែរ។ កត្តា ទី៣គឺកត្តាមធ្យោបាយធ្វើដំណើរកាន់តែច្រើន ដែលប្រជាពលរដ្ឋខ្លះមានរថយន្ត មានម៉ូតូផ្ទាល់ខ្លួន ហើយក្រៅពីនោះ ក៏មានរថយន្តឈ្នួល រថយន្តតាក់ស៊ី អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល។ សម្តេចតេជោបានថ្លែងបន្តថា ឆ្នាំនេះទោះបីជាសាំងឡើងថ្លៃមួយកម្រិត ប៉ុន្តែពលរដ្ឋខ្មែរនៅតែអាចដើរលេងបាន ប៉ុន្តែទោះជាយ៉ាងណា ក៏តម្លៃប្រេងសាំងរបស់កម្ពុជានេះ គឺថោងជាងអឺរ៉ុប និងអាម៉េរិកផងដែរ។ កត្តាទី៤ គឺប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បើទោះបីជាជំងឺកូវីដ-១៩ បានវាយប្រហារ ធ្វើឱ្យប្រជាពលរដ្ឋអាក់ខាន ក្នុងការប្រកបមុខរបររកស៊ីខ្លះៗក៏ដោយ តែពលរដ្ឋខ្មែរនៅតែអាចរកបានដើម្បីដើរកម្សាន្តឱកាសចូលឆ្នាំ។ ចរន្តសាច់ប្រាក់នៅពេលនេះ គឺបានផ្ទេរពីអ្នកមានចំណូលខ្ពស់ និងមធ្យម ទៅកាន់ពលរដ្ឋដែលមានចំណូលទាប។ ត្រង់ចំណុចនេះ សម្តេចតេជោក៏បានជំរុញឱ្យក្រសួងសេដ្ឋកិច្ច បើកប្រាក់ដល់មន្រ្តីរាជការឱ្យបានមុនកាលកំណត់បន្តិច ដោយសារតែពួកគាត់បានចាយប្រាក់អស់ច្រើន នៅក្នុងឱកាសចូលឆ្នាំថ្មី។ កត្តាទី៥ គឺកត្តាការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ដែលហៅថា ទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ សម្តេចតេជោលើកឡើងថា ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ គឺការគ្រប់គ្រង និងបោះចោលសំរាមល្អប្រសើរជាងមុន ដោយសារពលរដ្ឋយើងមានការភ្ញាក់រលឹក និងចាស់ទុំជាមុន។ ចំណុចមួយទៀត គឺអាជ្ញាធរបានយកចិត្តទុកដាក់រឿងសំរាមនៅតាមមូលដ្ឋាន និងក្រុមហ៊ុនប្រមូលសំរាមបង្កើនការយកចិត្តទុកដាក់ប្រមូលសំរាម ពេលមានបុណ្យទាន។ សម្តេចតេជោបានកត់សម្គាល់ថា ពេលនេះមានការកើតឡើងនូវសហគមន៍ទេសចរណ៍នានា នៅតាមមូលដ្ឋាន ដែលហៅថាទេសចរណ៍ផ្សាភ្ជាប់ទឹកដី ដោយពលរដ្ឋស្រឡាញ់បរិស្ថាន និងប្រើប្រាស់បរិស្ថានដើម្បីទាក់ទាញយកលុយជាជាងបាញ់សត្វ និងកាប់ឈើ។ តំបន់ទេសចរណ៍ទាំងឡាយ ក្លាយជាគោលដៅទាក់ទាញប្រជាជន។ កត្តាទី៦ គឺកត្តាភាពស៊ាំសហគមន៍ ដែលកើតចេញមកពីការខិតខំរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនក្នុងការចាក់វ៉ាក់សាំង។ ដោយសម្តេចសង្កេតឃើញថា កាលពីអំឡុងបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ពលរដ្ឋមិនសូវមានការពាក់ម៉ាស និងរក្សាគម្លាតនោះទេ ប៉ុន្តែអត្រាឆ្លងក៏មិនមានការកើនឡើងនោះដែរ។ សម្តេចតេជោបានចោទជាសំណួរថា នៅពេលដែលឃើញពលរដ្ឋសប្បាយរីករាយតើសម្តេចកំពុងគិតពីអ្វីហើយតើពេលប្រជាពលរដ្ឋលំបាកតើសម្តេចកំពុងគិតពីអ្វី។ ចំណុចនេះ សម្តេចបញ្ជាក់ថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ កាតព្វកិច្ចពាក់ម៉ាសនឹងមិនចាំបាច់ទៀតទេ។គួរកត់សម្គាល់ថាក្រោយពិធីបុណ្យចូលឆ្នាំបញ្ចប់ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងកូវីដ១៩នៅក្នុងសហគមន៍កាលពីថ្ងៃទី១៧មេសា ចំនួន១៦នាក់។ ថ្ងៃទី១៨ ចំនួន១៦នាក់ ខណៈថ្ងៃទី១៩ម្សិលមិញ មានអ្នកឆ្លងចំនួន១៤នាក់។ ដោយឡែកតួលេខអ្នកឆ្លងនៅថ្ងៃពុធនេះវិញ មានអ្នកឆ្លងចំនួន២៤នាក់ និងស្លាប់១នាក់។ នេះបើតាមក្រសួងសុខាភិបាល។បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបចំនួន៥១៧៥ ៧៥៤នាក់ក្នុងនោះមានភ្ញៀវជាតិ៥១៤០៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥២៥៩នាក់៕



