ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានទទួលព្រះរាជានុញ្ញាតដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញសមាសភាពគណ:កម្មាធិការប្រតិបត្តិថ្មីចំនួន១៦រូបដែលបាន ជាប់ឆ្នោត តាមរយៈអង្គសន្និបាត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ អមដំណើរដោយទីប្រឹក្សាជាន់ខ្ពស់របស់សមាគមចំនួន៣រូប (លោកស្រីឧកញ៉ាបណ្ឌិត តាន់ ផល្លី លោកស្រី ស៊ិន សិរី លោកស្រី ជា វណ្ណាត) និងលោកស្រីបណ្ឌិត ម៉ែន នារីវុឌ្ឍី ដើម្បីថ្វាយព្រះពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានធ្វើរបាយការណ៍សង្ខេបស្តីពីសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ដូចតទៅ៖លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសមាគមកាយឫទ្ធិនារីកម្ពុជា បានក្រាបបង្គំថ្វាយព្រះពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមបួងសួងដល់ទេព្តាឆ្នាំថ្មី ព្រះនាម កិរិណីទេវី គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ទេព្តាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ប្រជានុរាស្ត្រខ្មែរទាំងអស់និងជាពិសេសដល់សមាគមកាយឫទ្ធិនារីកម្ពុជា។ សេចក្តីគួរពុំគួរសូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះមេត្តាប្រោស ព្រះរាជទានទោស និងព្រះមេត្តាទទួលនូវសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់។

បន្ទាប់មក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ស្វាគមន៏យ៉ាងកក់ក្តៅក្នុងសេចក្តីនឹករលឹក សាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គ ក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា ដែលមានវត្តមាននៅទីនេះ និងនៅគ្រប់មូលដ្ឋាន។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ថ្លែងអំណរគុណ ដោយសេចក្តីកោតសរសើរដ៏កក់ក្តៅ ចំពោះលោកស្រីបណ្ឌិត អគ្គស្នងការ ព្រមទាំងអ្នកម្នាង លោកជំទាវ លោកស្រី នាងកញ្ញា ក្នុងគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីដែលបានជាប់ឆ្នោតតាមរយៈអង្គសន្និបាត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ នៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ ដែលបានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរព្រះអង្គក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ព្រះអង្គបានកោតសរសើរសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ បរិច្ចាគទាំងកម្លាំងកាយ ចិត្ត បញ្ញាស្មារតី សំភារៈ និងថវិកា ដើម្បីជំរុញចលនា សមាគមកាយឫទ្ធិនារីកម្ពុជា ឲ្យសម្រេចបាន ជោគជ័យគ្រប់ផ្នែក ក្នុងទិសដៅលើកកម្ពស់ និងអប់រំកុមារី យុវតីកម្ពុជាឲ្យក្លាយទៅជាពលរដ្ឋល្អ ប្រកបដោយសីលធម៌ ចំណេះដឹង មានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សមាគម និងសង្គមជាតិ។

ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើដ៏ស្មោះ ស័្មគ្រអស់ពីដួងព្រះរាជហឬទ័យ ចំពោះការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្នើម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការថែរក្សាសេចក្តីសុខសន្តិភាព ស្ថេរភាព ហើយពិសេសទៅទៀត រាជរដ្ឋាភិបាលខិតខំសម្រេចបានជោគជ័យជាបន្តបន្ទាប់ក្នុងការកសាងផ្លូវ ស្ពាន និងសមិទ្ធផលសំខាន់ៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សង្គម ធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គកាន់តែមានភាពល្អប្រសើរ។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំសម្រេចបានស្នាដៃយ៉ាងធំធេងថែមទៀតក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺសកលកូវីដ១៩ បានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានការថយចុះជាលំដាប់ធ្វើឲ្យសង្គមជាតិយើងមានកិច្ចដំណើរការលើគ្រប់វិស័យឡើងវិញ និងធ្វើឲ្យកូនចៅ ចៅទួតរបស់ព្រះអង្គទទួលបាននូវភាពសប្បាយរីករាយ បានធ្វើបុណ្យធ្វើទានក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិដ៏ល្អផូរផង់នៃយើងទៀតផង។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើរជាខ្លាំងផងដែរ ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងការបរិច្ចាគនូវធនធានផ្ទាល់ ក្នុងការជួយសង្គ្រោះនូវប្រជារាស្ត្រកម្ពុជា ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលកន្លងមក នៅមន្ទីរពេទ្យហ្លួងម៉ែ ឋិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅតាមមណ្ឌលនានាធ្វើឲ្យកូនចៅចៅទួតរបស់ព្រះអង្គបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ៕