ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចខេត្តកែបឃាត់ខ្លួន កសាងសំណុំរឿងទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
(ខេត្តកែប)៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកែបឃាត់ខ្លួន យកមកសាកសួរចម្លើយ ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែប ចាត់ការតាមនីតិវិធី ក្នុងករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ជុំវិញករណីខាងលើសមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន១នាក់ ឈ្មោះ ប្រាក់ ម៉ារ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ដែលពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅថ្ងៃទី១៤ មេសា ២០២២ វេលាម៉ោង៣ និង៤០នាទីរសៀល ក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមទាំងវត្ថុតាងម៉ូតូចំនួន១គ្រឿង ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ទម្ងន់១.០៦ក្រាម(ថ្លឹងទាំងថង់) និងទូរសព្ទចំនួន១គ្រឿង។បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីហើយ៕ សេង ណារិទ្ធ




