លោក ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចរបស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងការពារព្រំដែនលេខ៥០៤ រយ:ពេលកន្លងមក ពិតជាបានទទួលលទ្ធផលល្អប្រសើរទទួលបាននូវផ្លែផ្កាគួរជាទីមោទន:
(ប៉ៃលិន) លោកឧតមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានថ្លែងបែបនេះក្នុងពិធីប្រជុំបូកសរុបលទ្ធផលយោធាសន្តិសុខឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់កងការពារព្រំដែនលេខ៥០៤ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៤។
មានប្រសាសន៍សំណេះសំណាលឧត្តមសេនីយ៍ មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ក៏បានធ្វើការកោតសរសើរដល់កម្លាំងកងការពារព្រំដែនលេខ៥០៤ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖
ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។ ទន្ទឹមហ្នឹងនេះដែរអង្គភាពក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ ចាក់ជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលបានលទ្ធផលគួជាទីមោទនៈ។
ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បានសំណូមពរដល់មេបញ្ជាការ មេបញ្ជាររង នាយ-ពលទាហាន កងការពារព្រំដែនលេខ៥០៤ សម្រាប់ទិសដៅបន្តឆ្នាំ២០២២ បន្តធានាឲ្យបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជាចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយប្រមូលផលប្រជាពលរដ្ឋ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុងកងការពារព្រំដែនលេខ៥០៤ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុង ទីតាំងបន្ទាយ សហគមន៍ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ ក៏បានអញ្ជើញ បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកា ចំនួន ១.០០០.០០០រៀលផងដែរ៕





