ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីសម្ភោធឆ្លងប្រាសាទបក្សីចាំក្រុង
(ខេត្តកណ្តាល)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ថេង ពុទ្ធិតា គង់ សោភ័ណ្ឌ រួមជាមួយលោក សេង ទូច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំរកាកោង១ បានអញ្ជើញជាអធិបតី ពិធីសម្ពោធ ឆ្លងប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ) ស្ថិតនៅក្នុងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល
ដោយមានសំណើរបស់គណៈកម្មការ ព្រះគ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានសម្រេចជួយសាងសង់ ប្រាសាទបក្សីចាំក្រុងថ្មីនេះ ជំនួសឱ្យប្រាសាទបក្សីចាំក្រុងចាស់ដែលស្រុតដីបាក់ច្រាំងធ្លាក់ចូលទៅក្នុងទឹកទន្លេ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលនូវសំណង់ប្រវត្តិសាស្រ្តដែលបង្កប់ដោយព្រលឹងវប្បធម៌ និងសាសនារបស់ជាតិខ្មែរ ដែលបាននិទានរឿងរ៉ាវអំពីបក្សីចាំក្រុង បន្តទៅមនុស្សគ្រប់ជំនាន់។
ប្រាសាទនេះ បានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានទំហំ ៥.៩៤៥ ម៉ែត្រ គុណនឹង ៥.៩៤៥ម៉ែត្រ កម្ពស់១៣.៦ម៉ែត្រ។
ប្រាសាទបក្សីចាំក្រុង ដែលសម្ពោធឆ្លងនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល និងជាសំណង់ប្រវត្តិសាស្ដ្រ ជាគរុភណ្ឌវត្ត បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ អភិរក្សវប្បធម៌ជាតិ និងក៏ជាទីកន្លែងគោរពសក្ការៈបូជាតាមជំនឿប្រពៃណីរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក និងប្រជាជនកម្ពុជាទាំងមូល៕




