មុនបញ្ចប់បេសកកម្មចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួល នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ហៅកាត់ថា INTERPOL បានដឹកនាំសហការី ចូលជួបពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ លោក Nicholas Court បានជម្រាបប្រមុខក្រសួងមហាផ្ទៃ អំពីការកត់សម្គាល់របស់អាំងទែប៉ូល ចំពោះការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា រហូតទទួលបានជោគជ័យជាច្រើនទីតាំង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការវាយតម្លៃប្រកបដោយសច្ចធម៌នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលដែលសមត្ថកិច្ចកម្ពុជាសម្រេចបាននេះថា មិនអាចកាត់ផ្ដាច់បានឡើយពីការចូលរួមចំណែករបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ។ លោក Nicholas Court ក៏បានបង្ហាញក្ដីរីករាយពេលបានមកចូលរួមក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលោកចាត់ទុកថា ជាការជួបជុំរវាងអ្នកមានបេះដូងដូចគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសកលមួយនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា បន្ទាប់ពីមានការជួបបញ្ហាប្រឈមបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយថ្នាក់ដឹកនាំបានស្វ័យសួរខ្លួនឯងថា ត្រូវធ្វើអ្វី ដើម្បីសម្អាតផ្ទះ? តាមប្រមុខក្រសួងមហាផ្ទៃ ចម្លើយតែមួយគត់ដែលម៉ឺងម៉ាត់បំផុតនោះគឺ ត្រូវតែបើកប្រតិបត្តិការបោសសម្អាតបទល្មើសមួយនេះឱ្យដល់ឫសគល់ប្រកបដោយភាពម្ចាស់ការ ទន្ទឹមគ្នានឹងការស្វាគមន៍កិច្ចសហប្រតិបត្តិការពីបណ្ដាមិត្តបរទេស និងដៃគូអន្តរជាតិ។ ឆ្លងកាត់បទពិសោធនៃការអនុវត្ត កម្ពុជាបានឈានដល់ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងបានកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់។
ជាក់ស្ដែងជាលទ្ធផល មានជនបរទេសប្រមាណជាង៥០ម៉ឺននាក់បានស្ម័គ្រចិត្តដោយខ្លួនឯង និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាអនុវត្តនីតិវិធីបណ្ដេញចេញ ក្នុងនោះជនពាក់ព័ន្ធប្រមាណជាជាង២ពាន់នាក់ ទាំងជនជាតិខ្មែរ និងបរទេស ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដោយប្រឈមមុខនឹងអំណាចច្បាប់ ជាប់ឃុំចន្លោះពី៥ ទៅ២៥ឆ្នាំ។ លទ្ធផលនេះកើតឡើង បន្ទាប់ពីកម្ពុជាបានបំបែកទីតាំងប្រព្រឹត្តបទល្មើសខ្នាតធំជាង២០០កន្លែង លើសំណុំរឿងជាង៦០០ ខណៈជនល្មើសសេសសល់ដែលព្យាយាមប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសជាទ្រង់ទ្រាយតូច ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាតាមបោសសម្អាតជាបន្តបន្ទាប់ផងដែរ។
ការសម្រេចបិទមិនឱ្យប្រតិបត្តិការល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅតាមកាស៊ីណូ ដែលនឹងត្រូវអនុវត្តពីខែតុលាតទៅ ក៏ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ពន្យល់ចែករំលែកជូនប្រតិភូ លោក Nicholas Court ផងដែរ។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃបានអះអាងថា នៅមានជនបរទេសប្រមាណ២សែននាក់ទៀត នឹងត្រូវចល័តចាកចេញពីកម្ពុជា ឬទទួលការអនុវត្តនីតិវិធីបណ្ដេញចេញ បន្ទាប់ពីកាស៊ីណូបានបិទប្រតិបត្តិការល្បែងប្រភេទនេះ ឬបន្ទាប់ពីសមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើទីតាំងដែលបានល្មើសគោលការណ៍របស់រាជរដ្ឋាភិបាល។
ការលើកឡើងពីប្រមុខក្រសួងមហាផ្ទៃ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពេញទំហឹងពីលោក Nicholas Court។ ប្រធានក្រុមការងារសម្របសម្រួល នៃអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ លោកបានគូសបញ្ជាក់ពីការត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កងកម្លាំងនគរបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត ផ្លាស់ប្ដូរព័ត៌មាន និងការបណ្ដុះបណ្ដាលជំនាញថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាស៊ើបអង្កេត ដោយមន្ត្រីនគរបាល ដែលត្រូវបម្រើឱ្យការងារព្រឹត្តិការណ៍បោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការកត់សម្គាល់ មុនបញ្ចប់កិច្ចសន្ទនាជាមួយប្រមុខក្រសួងមហាផ្ទៃ លោក Nicholas Court បានមានប្រសាសន៍ថា ថ្ងៃណាមួយនាពេលឆាប់ៗខាងមុខនេះ លោកនឹងនាំក្រុមគ្រួសារ មកទស្សនាកម្សាន្តនៅ កម្ពុជា។ ប្រការនេះ ហាក់ដូចជាសារមួយ ដែលមន្ត្រីជាន់ខ្ពស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ចង់បញ្ជាក់អំពី ស្ថានភាពដ៏ល្អប្រសើររបស់ប្រទេសកម្ពុជា សម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដែលផ្ទុយពីការចោទប្រកាន់លាបពណ៌មួលបង្កាច់ ជាពិសេស ចេញពីប្រទេសដែលប្រើលេសបង្ក្រាបបទល្មើស ដើម្បីឈ្លានពានទឹកដី និងអធិបតេយ្យភាពកម្ពុជា៕




