លោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញប្រកាសខេត្តកែប ជាខេត្តទី១អស់មីន
.
(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញប្រកាសខេត្តកែប ជាខេត្តទី១ អស់មីន ហើយបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងប្រកាសរាជធានីខេត្តចំនួន ០៧ទៀត អស់មីន ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២ រួមមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ ការថ្លែងបែបនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីអបអរសាទរការប្រកាសខេត្តកែប ជាខេត្តទី១អស់មីន។
ពិធីនេះ បានប្រព្រឹត្តិទៅនៅមុខសាលាខេត្តកែប ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ អង្គទូត តំណាងស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋខេត្តកែប។
ក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែប ជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។
លោកអភិបាលខេត្តកែប បានមានប្រសាសន៍ទៀតថា “ទោះបីជាខេត្តកែបជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម”។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តកែប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនដែលយើងបានដឹងឲ្យអស់ពីខេត្តកែប។
អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានទទួលនូវការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចជ្រើសរើសយកខេត្តកែប ធ្វើការបោសសម្អាត និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។
ក្នុងនាមប្រជាជនខេត្តកែប ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជបានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ ព្រមទាំងបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសន័រវេស្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសហុងគ្រី និងមជ្ឈមណ្ឌលជាតិស៊ីម៉ាក់ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងខេត្តកែបទាំងមូល។
លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា កម្ពុជា បានកំណត់នូវវិសាលភាព និងទំហំផលប៉ះពាល់យ៉ាងច្បាស់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេស គិតត្រឹមឆ្នាំ២០២១ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥៕ សេង ណារិទ្ធ



