(រតនគិរី)៖ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តរតនគិរីរយៈពេល ៣យប់ ៣ថ្ងៃ បានបង្កនូវបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានជាពិសេសនៅក្រុងបានលុងដែលមានអ្នកមកចូលរួមលេងកម្សាន្តជាច្រើនពាន់នាក់ ក្នុងនោះមានបងប្អូនជនជាតិភាគតិចច្រើនអំបូរ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីផងដែរ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី (១៤-១៦) ខែមេសា ឆ្នាំ២០២៦ ហើយថ្ងៃទី១៦នេះជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេសង្កេតឃើញនៅតាមបណ្តាវត្តអារាម និងទីកម្សាន្តនានា អាជ្ញាធរបានដឹកនាំប្រជាពលរដ្ឋលេងកម្សាន្តនូវល្បែងប្រជាប្រិយជាតិខ្មែរ មានដូចជា៖បោះអង្គុញ, រាំវង់,រាំក្បាច់,សារ៉ាវ៉ាន់, លាក់កន្សែង,ដណ្តើមស្លឹកឈើ, វាយក្អម,លាក់កន្សែង។ល។ប្រកបដោយភាសប្បាយរីករាយ។
ក្នុងនោះគេសង្កេតឃើញថ្នាក់ដឹកនាំខេត្ត,មានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត,លោក ញ៉ែម សំអឿនអភិបាលខេត្ត និងលោកស្រីអភិបាលរងខេត្ត,មេបញ្ជាអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលក្រុងបានលុងបានចូលរួមដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែង។
សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះគឺអាជ្ញាធរខេត្តបានណែនាំអាជ្ញាធរគ្រប់មូលដ្ឋានលើកទឹកចិត្តឲ្យពួកគាត់លេងល្បែងប្រជាប្រិយខ្មែរពោលមិនឲ្យលាបម្សៅ បាញ់ទឹកទេ ប៉ុន្តែអាស្រ័យលើប្រជាពលរដ្ឋគាត់ស្ម័គ្រចិត្តដោយខ្លួនគាត់ជារឿងផ្ទាល់ខ្លួន សម្រាប់អាជ្ញាគឺមិនមានដាច់ខាត៕




