ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ង្វៀន មី​ញ​វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ង្វៀន មី​ញ​វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម NGUYEN Minh Vu ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា វត្តមាន​ដ៏​ឆាប់រហ័ស​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត នៅលើ​ទឹកដី​កម្ពុជា បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​បក្ស និង​រដ្ឋាភិបាល​វៀតណាម ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេជោ សង្ឃឹមថា ឯកឧត្តម​ឯកអគ្គរដ្ឋទូត នឹង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត ភូមិ​ផង​របង​តែមួយ និង​ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា តស៊ូ​ដើម្បី​ឯករាជ្យ និង​អធិបតេយ្យភាព ក៏​ដូចជា​ការជួយ​យ៉ាង​ធំធេង​រំដោះ​កម្ពុជា និង​ទប់ស្កាត់​ការវិលត្រឡប់​មកវិញ នូវ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការកសាង​អ​ភ​វិ​ឌ្ឍ​កម្ពុជា​ឡើង​វិញ​។ ឆ្លៀត​ឱកាស​នោះ សម្តេច​តេជោ ក៏​បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​សហការី ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម ដែល​ទើប​បាន​កន្លងផុតទៅ​ផងដែរ​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម NGUYEN Minh Vu បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង មហា​កិត្តិយស និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ដែល​បាន​ផ្តល់​កិត្តិយស​ឆ្លៀតពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ដែល​បាន​មក​បំពេញបេសកកម្ម​នៅលើ​ទឹកដី​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ថ្លែងអំណរគុណ សម្តេច​តេជោ ចំពោះ​ការលើកឡើង​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​-​វៀតណាម និង ចំពោះ​ការ​ជូនពរ​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​វៀតណាម​។ ឯកឧត្តម បាន​សម្តែង​នូវ​ក្តីជឿជាក់​ថា នឹង​អាច​បំពេញ​បេសកកម្ម​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ពាំនាំ​ជូន សម្ដេច​តេជោ នូវ​បណ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម​អគ្គលេខាធិកា​របក្ស ឯកឧត្តម​ប្រធាន​រដ្ឋ ឯកឧត្តម​ប្រធានរដ្ឋសភា និង ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា ជាពិសេស​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ដែល​បាន​ស្តារ​កម្ពុជា​តាំងពី​គំនរ​ផេះផង់ និង​ការផ្ទេរអំណាច​ជូន​ថ្នាក់ដឹកនាំ​បន្តវេន​ប្រកបដោយ​ភាពជោគជ័យ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បន្ថែមទៀត​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្តេច​តេជោ អំពី​ទិសដៅ​ការងារ​ក្នុងការ​បំពេញបេសកកម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា ដូចជា​ការបន្ត​លើកកម្ពស់ (១) កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នយោបាយ និង​ការទូត តាមរយៈ​ការជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​ជាន់ថ្នាក់ និង​ក្រោម​ក្របខណ្ឌ​សភា​, (២) កិច្ចសហប្រតិបត្តិការ​ការពារជាតិ និង​សន្តិសុខ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការបង្ក្រាប​បទល្មើស​ឆ្លងដែន​, (៣) ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏​ដូចជា​យុវជន និង (៤) កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ឱ្យ​សម្រេចបាន​នូវ​គោលដៅ​ទំហំ​ពាណិជ្ជកម្ម ២០​ពាន់​លាន​ដុល្លា​អាមេរិក ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់ចេញ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយ​គាំទ្រ​ដល់​ប្រជាជន​វៀតណាម ក្នុង​ការប្រកប​របរ​រកស៊ី និង​ជំរុញ​ឱ្យមាន​វិនិយោគិន​វៀតណាម មក​កម្ពុជា​បន្ថែម​ទៀត​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ជម្រាប​សម្តេច​តេជោ អំពី​ការរៀបចំ​មហាសន្និបាត​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម នៅ​ឆ្នាំក្រោយ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​ស្ថាប័ន​ផ្ទៃក្នុង​វៀតណាម​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​បណ្តា​ថ្នាក់ដឹកនាំ​កំពូល​វៀតណាម​។ សម្តេច​បាន​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម តាំងពី​ឆ្នាំ​១៩៦៧ ជាពិសេស ការជួយ​របស់​កម្ពុជា ដល់​ប្រទេស​វៀតណាម និង ការជួយ​ឧបត្ថម្ភ​របស់​វៀតណាម ដល់​រូប​សម្តេច និង​កម្ពុជា ឱ្យ​រស់រានមានជីវិត និង​ការតស៊ូ​រំដោះជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លៃ​បាន ហើយ​ដែល​សម្តេច​បាន​រៀបចំ​ចងក្រង​ឱ្យមាន​ជា​កម្រង​ខ្សែភាពយន្ត​។ សម្តេច​បាន​គូសបញ្ជាក់​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង ២/៣​នៃ​ប្រវត្តិ​ទំនាក់ទំនង​នេះ ហើយ​ការរីកចំរើន​របស់​កម្ពុជា​នា​ពេល​នេះ គឺ​មិន​អាច​កាត់ផ្តាច់​ពី​ការជួយឧបត្ថម្ភ​ដ៏​ធំធេង​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក្នុងការ​រំដោះ​ប្រទេស​កម្ពុជា និង ការទប់ស្កាត់​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ចំណុច​ចាប់ផ្តើម និង​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​ការជួយ​គ្នា​ទៅវិញទៅមក​រហូត​ពេលបច្ចុប្បន្ន​។​

​សម្តេច​តេជោ ក៏​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ទិសដៅ​ភារកិច្ច​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ដាក់ចេញ នៅក្នុង​ការបំពេញ​បេសកកម្ម​នៅ​កម្ពុជា​។ នៅក្នុង​បរិបទ​នេះ សម្តេច​តេជោ​បាន​ផ្តល់​អនុសាសន៍ជូ​ន​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត ឱ្យ​យកចិត្តទុកដាក់​ផ្តោត​លើ​ការតភ្ជាប់​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ជា​ស្នូល ដើម្បី​ជា​មូលដ្ឋាន​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​ផ្នែក​នយោបាយ​។ ក្រៅពី​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​នានា សម្តេច​តេជោ បាន​ស្នើ​ឱ្យមាន​ការពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សង្កេតឃើញ​ថា សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​បំពេញបន្ថែម​ឱ្យ​គ្នា​។ សម្តេច​បាន​ចង្អុលបង្ហាញ​ថា វៀតណាម​បាន​ក្លាយជា​ទីផ្សារ​កសិផល​របស់​កម្ពុជា ដូចជា​គ្រាប់ស្វាយចន្ទី និង​ស្រូវ ហើយ​កម្ពុជា​ក៏​មាន​តម្រូវការ​ទំនិញ​នានា​ពី​វៀតណាម​ផងដែរ​។ បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោបាន​គូសប​ញ្ជាក់​ថា ទោះបី​កម្ពុជា​បាន​ដកខ្លួន​ពី​ក្របខ័ណ្ឌ CLV-DTA ពិតមែន តែ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំង​បី​ត្រូវ​បាន​ពង្រីក​ពី​លក្ខណៈ​តំបន់ ទៅ​ជា​កម្រិត​ប្រទេស ហើយ​ប្រទេស​ទាំង​បី នឹង​បន្ត​ពង្រឹង​យន្តការ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទាំង​នៅក្នុង​ក្រប​ខណ្ឌ​បក្ស រដ្ឋាភិបាល និង​សភា​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​រៀត​ណាម​ដែល​បាន​យកចិត្តទុកដាក់​សម្របសម្រួល​ក្នុង​ការរៀបចំ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​កម្ពុជា​ក្រោម​យ៉ាង​រលូន ក៏​ដូច​ជា​ការ​បន្ត​ផ្តល់​ការសម្របសម្រួល​ដល់​ការថែរក្សា​វប្បធម៌​និង​ទំនៀម​ទំលាប់​ខ្មែរ​កម្ពុជា​ក្រោម​។

​សម្តេច​តេជោ ក៏​បាន​កត់សម្គាល់​និង​អបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​វៀតណាម និង​បាន​សម្តែង​នូវ​ក្តី​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ល្បឿន​កំណើន​នេះ វៀតណាម​នឹង​អាច​ចូលរួម​ជាមួយ​ក្លឹប​ប្រទេស G20 នាពេលខាងមុខ​។

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​ឯកឧត្តម NGUYEN Minh Vu ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.