(ពោធិ៍សាត់)៖ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ យោធិន នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ចំនួន៥៤នាក់ ត្រូវបានរៀបចំជូនដំណើរចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ក្រោមវត្តមានឯកឧត្តម ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត សាច់ញាតិ ក្រុមគ្រួសារ និងបងប្អូនយោធិនជាច្រើនរូបទៀត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេប ស្តីពីការជ្រើសរើស ការរៀបចំពិធីសំណេះសំណាលជូនដំណើរយោធិន នោះរួចមក, ឯកឧត្តម ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ។
ឯកឧត្តមបានថ្លែងកោតសរសើរ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសកកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសគឺការសម្រិត សម្រាំងយ៉ាងសុក្រឹត ក្នុងការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថថ្មី ប្រកបដោយតម្លាភាព គុណភាព ស្របតាមគោលការណ៍ និតិវិធីនៃក្របខណ្ឌច្បាប់ជាធរមាន។
ឯកឧត្តម ហេង សុភាណា បានថ្លែងបញ្ជាក់ថា ការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» នាពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ចំពោះយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីរបស់យើង។ ឯកឧត្តមបានថ្លែងនូវអំណរគុណយ៉ាងធំធេង ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងការស្វែងរក និងថែរក្សាសុខសន្តិភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិ រហូតមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់យោធិនថ្មី នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕



