ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

តើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ខុសគ្នា​ដូចម្តេច​?

តើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​ខុសគ្នា​ដូចម្តេច​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ផ្អែក​តាម​សេចក្តីណែនាំ​លេខ ០០១ ស​.​ណ​.​ន របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ត្រូវបាន​បែងចែក​ពី​គ្នា​ដាច់ស្រឡះ ទាំង​នីតិវិធី​នៃ​ការធ្វើ ឯកសារ​តម្រូវ ពេលវេលា​ទទួល​សេវា សារៈសំខាន់​នៃ​ការប្រើប្រាស់ និង​ការប្រែប្រួល​នៃ​ស្ថានភាព​សាមីជន ឬ​គ្រួសារ​នី​មួយៗ​។​
​នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក​បណ្ឌិត ទូច សុឃៈ​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​មហាជន​ដែល​បាន​សួរថា “​តើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុស​គ្នា​ដូច​ម្តេច​? លោក​បណ្ឌិត ទូច សុឃៈ បាន​ផ្ដល់​ចម្លើយ​ជូន​ងាយៗ​យល់ថា ភាពខុស​គ្នា​នៃ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ មាន​ដូចខាងក្រោម​។​

១. សៀវភៅ​ស្នាក់នៅ​៖ ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​ជា​វិធាន​នគរបាល ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែល​ស្នាក់នៅ​ក្នុង​លំនៅឋាន​នីមួយៗ រួម​ទាំង​លំនៅឋាន​នៃ​ទីតាំង​ប្រមូលផ្តុំ​។ សៀវភៅ​នេះ ពុំ​អាច​ត្រូវបាន​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្តល់​បាន​តែ​មួយ​គត់​ជូន​ចំពោះ​បុគ្គល​ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​ដែល​ជា​ម្ចាស់ ឬ​ជា​អ្នក​ជួល​កំពុង​ស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជា​កំណត់ ទោះ​បុគ្គល ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​នោះ​មាន​លំនៅឋាន​លើស​ពី​មួយ​ក៏ដោយ​។ មានន័យ​ថា ប្រជាពលរដ្ឋ​ស្នាក់នៅ​ផ្ទះជួល​ក៏​អាច​ធ្វើ​សៀវភៅ​ស្នាក់នៅ​បាន​ដែរ​។

​ជាមួយគ្នានេះ បុគ្គល​ដែល​ត្រូវ​ចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់​សៀវភៅ​ស្នាក់នៅ គឺ​ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំង​ជន​បរទេស​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី​ស្នាក់នៅ និង​ទទួលបាន​សៀវភៅ​ស្នាក់នៅ​មួយ​ជា​កំណត់​លំនៅឋាន​ដែល​ខ្លួន​ស្នាក់​នៅ​អចិន្ត្រៃយ៍​។

​ចំណែក​បុគ្គល​ដែល​មិន​ត្រូវ​ចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់​សៀវភៅ​ស្នាក់នៅ គឺ​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ជន​បរទេស​ចូល និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កងយោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ និង​កងកម្លាំង​នគរបាលជាតិ​ដែល​កំពុង​រស់នៅ​ប្រមូលផ្តុំ​ក្នុង​បន្ទាយ​មិន​ចាត់​ទុក​ជា​លំនៅឋាន ប៉ុន្តែ​បុគ្គល​ទាំងនោះ​ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី​ស្នាក់​នៅ​តាម​លំនៅឋាន​អចិន្ត្រៃយ៍​ជាមួយ​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​។

​ឯកសារ​ដែល​តម្រូវ​ភ្ជាប់​ក្នុង​ការស្នើ​សុំ​សៀវភៅ​ស្នាក់​នៅ​រួមមាន​៖ សេចក្តីចម្លង​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត សំបុត្រអាពាហ៍ពិពាហ៍​(​បើ​មាន​) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតអនុញ្ញាត​ផ្លាស់ប្តូ​ទីលំនៅ​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កន្លែងចាស់ ដែល​សាមីខ្លួន​ធ្លាប់​រស់នៅ (​ប្រសិនបើ​មាន​ការផ្លាស់ប្តូរ​ទីកន្លែង​ស្នាក់នៅ​)​។​

២.​សៀវភៅ​គ្រួសារ គឺជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​បញ្ជាក់​ពី​ចំណង​ញាតិ​ភាព​ដែល​មាន​សញ្ជាតិ​ខ្មែរ​រួម​មាន​សហព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​) កូនបង្កើត ឬ​កូន​ស្មុំ​។ សៀវភៅ​នេះ ពុំ​អាច​ត្រូវបាន​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ​។ បុគ្គល​ត្រូវ​ចុះបញ្ជី​គ្រួសារ និង​ផ្តល់​សៀវភៅ​គ្រួសារ គឺជា​គ្រួសារ​ដែល​មាន​សមាជិក​ជា​សញ្ជាតិ​ខ្មែរ និង​កំពុង​រស់នៅ​អចិន្ត្រៃយ៍ លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ចំពោះ​សមាជិក​គ្រួសារ​ដែល​មាន​សញ្ជាតិ​ខ្មែរ ហើយ​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ចុះឈ្មោះ​ជាមួយ​ឪពុក​ម្តាយ​ដែល​កំពុង​ស្នាក់នៅ​អចិន្ត្រៃយ៍ លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំណែកឯ​បុគ្គល​ដែល​មិន​ត្រូវ​ចុះបញ្ជី​គ្រួសារ និង​ផ្តល់​សៀវភៅ​គ្រួសារ គឺ​ជន​ប្រទេស​គ្មាន​សិទ្ធិ​ចុះបញ្ជី​គ្រួសារ និង​ប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះ​ឡើយ​។​

​ឯកសារ​ដែល​តម្រូវ​ភ្ជាប់​ក្នុង​ការស្នើ​សុំ​សៀវភៅ​គ្រួសារ​រួមមាន​៖ សៀវភៅ​ស្នាក់នៅ សេចក្តីចម្លង​សំបុត្រកំណើត ឬ​សេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សំបុត្រអាពាហ៍ពិពាហ៍ (​បើ​មាន​)​។

​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ ពី​មុន​ឡើយ ការ​ធ្វើ​សៀវភៅ​គ្រួសារ ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ អតីត​នាយករដ្ឋមន្ត្រី និង​ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​សេនាធិការ បានសម្រេច​ផ្ទេរ សិទ្ធិ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​មក​ឱ្យ​នៅ​ត្រឹម​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ ខណៈ​ការធ្វើ​សៀវភៅ​ស្នាក់នៅ ក៏​បាន​បន្ត​ផ្ទេរសិទ្ធិ​ធ្វើ​ពី​អធិការដ្ឋាន មក​ត្រឹម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ សង្កាត់​។

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹង​ទៀត​ថា ការផ្តល់​សេវា​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ គឺ​ពុំ​តម្រូវឱ្យ​បង់​ប្រាក់​នោះឡើយ ដោយ​សេវា​សៀវភៅ​គ្រួសារ ប្រសិនបើ​ពលរដ្ឋ​អ្នក​ស្នើ​សុំ​មាន​ឯកសារ​គ្រប់ និង​ត្រឹមត្រូវ​ហើយ គឺ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដូចគ្នា​ដែរ សៀវភៅ​ស្នាក់នៅ​គឺ​តែ​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ​។ ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង ពលរដ្ឋ​អាច​ទំនាក់ទំនង​សួរនាំ ឬ​រាយការណ៍​មកកាន់​លេខ​ទូរស័ព្ទ​1271 ឬ 017 898 915 ដោយ​ឥតគិតថ្លៃ​រៀង​រាល់​ម៉ោង​ធ្វើការ​។​

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នក​នាំពា​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.