ប្រភពពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីផ្ទុះអាវុធនេះបានកើតឡើងតាំងពីវេលាម៉ោងប្រមាណ ៨:០០នាទីយប់ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ ត្រង់ចំណុចក្រុមទី ០៧ ក្នុងភូមិសុភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រហូតដល់វេលាម៉ោងជិត ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា ទើបមានការភ្ញាក់ផ្អើល ភ្លាមៗសមត្ថកិច្ចជំនាញបានចុះពិនិត្យ ហើយបាននាំខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៅសាកសួរនៅអធិការនគរបាលក្រុងបាត់ដំបង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ព័ត៌មានបឋមពីអ្នកក្បែរខាងក្នុងបន្ទប់ផ្ទះជួលបានបញ្ជាក់ឲ្យដឹងបន្តថា÷ មុនពេលកើតហេតុគេបានឃើញក្រុមយុវជនមួយក្រុមបានជួបជុំគ្នាផឹកស៊ីរួមគ្នា តែក្រោយមកក៏ស្រាប់តែលឺសំឡេងប្រកែកគ្នា ហើយក៏ផ្ទុះអាវុធប្រាវតែម្តង រួចជនបង្កបានចាកចេញទៅបាត់។ ជនរងគ្រោះរបួសត្រូវស្មា ដែលគេស្គាល់មានឈ្មោះ ចាន់ ពេជ្រ ភេទប្រុស អាយុប្រហាក់ប្រហែលជិត ២០ឆ្នាំ។
ចំពោះមុខនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុលំអិតនៅឡើយទេ ដោយបានលើកឡើងថា កំពុងពិនិត្យ ស្រាវជ្រាវ៕




