ឯកឧត្តម ហ៊ុន ម៉ានី ÷ប្តេជ្ញា ដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ»

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា សម្តេចព្រះរាជបុត្រី ព្រះអនុជនរោត្តម អរុណរស្មី និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយាង និងអញ្ជើញ សម្ពោធពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅសួនច្បារមុខព្រះបរមរាវាំង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលេីកឡេីងថាសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា តាមរយៈការបន្តចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម ក្នុងទិសដៅបន្តរក្សា ការពារឱ្យបាននូវអធិបតេយ្យភាព ឯកភាពជាតិ បូរណភាពដែនដី សន្តិភាព រដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស ការចូលរួមចំណែកការពារ សន្តិសុខ សុវត្ថិភាព ស្ថិរ ភាព សណ្តាប់ធ្នាប់សង្គម ដើម្បីកម្ពុជាបន្តសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម ព្រមទាំងការបន្តលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ឯកឧត្តម ប្រធាន ស ស យ ក ក៏បានបញ្ជាក់ពីគោលជំហរ
ប្តេជ្ញា ដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាឧត្តុង្គ ឧត្តម នៃព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ»។ ប្តេជ្ញាបន្តចូលរួមបេសកកម្មថែរក្សាគាំពារដល់ភាពសុខដុម និងអភិវឌ្ឍប្រទេស ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាជឿជាក់លើ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមចំណែកទទួលខុសត្រូវចំពោះជោគវាសនារបស់កម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។
សូមបញ្ជាក់ថា ពិព័រណ៍ឆាយាល័ក្ខណ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចាប់ផ្តើមប្រារព្ធពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ត និងព្រះ រាជសកម្មភាព ប្រកបដោយទសពិធ រាជធម៌ តាមរយៈការតាំងពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិព័រណ៍នេះផងដែរ បានបង្ហាញពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាពយាងដង្ហែព្រះ បរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ និងព្រះរាជសកម្មភាពក្នុងព្រះរាជកិច្ចមនុស្សធម៌ សង្គមកិច្ច របស់ព្រះវររាជមាតាជាតិខ្មែរ។ បន្ថែមពីលើ ពិព័រណ៌ព្រះបរមឆាយា ល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ទទួលបានព្រះបរមរាជានុញ្ញាតពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រៀបចំពិធី២ទៀត គឺ ទី១ ពិធីចម្រើនព្រះជន្មវស្សាថ្វាយព្រះអង្គ ដោយមានការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងគោចរ បិណ្ឌបាត្រដែលបានប្រព្រឹត្តកាលពីព្រឹក។ ទី២ការបញ្ចាំងខ្សែភាពយន្តស្នាព្រះហស្តរបស់ ព្រះបរមរតនកោដ្ឋ រឿងព្រៃប្រសិទ្ធី នាថ្ងៃទី១៤-១៥ ខែមិថុនា វេលា ម៉ោង ៧ល្ងាច នៅរោងភាពយន្ត Major Cineplex នៅផ្សារទំនើប Aeon Mall ភ្នំពេញ៕




