អាវុធជាច្រើននៅក្នុងផ្ទះមួយកន្លែងក្នុងឃុំតាប៉ុនត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញ
ខេត្តបាត់ដំបង :សមត្ថកិច្ចសុំដីកាឆែកឆេរ និងរកឃើញអាវុធនិងគ្រាប់រំសេវជាច្រើនប្រភេទនៅក្នុងផ្ទះមួយកន្លែងនាឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីមានតម្រុយមកពីខេត្តព្រះសីហនុ។ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២ រសៀល ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីលោក ទុគ វីនិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ ទើបកម្លាំងស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តព្រះសីហនុ បានធ្វើការសហការជាមួយលោកឧត្តមសេនីយ៍ត្រី លីម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះធ្វើការឆែកឆេរទៅលើលំនៅដ្ឋានមួយកន្លែងដែលម្ចាស់ផ្ទះមានឈ្មោះ សាន់ ភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
បន្ទាប់ពីសមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីធ្វើការឆែកឆេរទៅលើលំនៅដ្ឋាននេះ និងដោយមានការឯកភាពពីស្ត្រីដែលជាម្ចាស់ផ្ទះផងដែរ។ ដោយនៅជំហានទីមួយគឺធ្វើការឆែកឆេរទៅលើបន្ទប់ផ្ទាល់ដីសមត្ថកិច្ចបានរកឃើញ
១.អាវុធវែងម៉ាក AK47 ចំនួន ៥ ដើម (ស្វាយបត់)
២.អាវុធវែងម៉ាកAK47 ចំនួន ១ ដើម
៣.អាវុធវែងម៉ាក M16 ចំនួន ១ ដើម
៤.អាវុធវែង ម៉ាក M4 ចំនួន ២ ដើម
៥.អាវុធវែងម៉ាក THUNDER X ចំនួន ១ ដើម
៦.អាវុធវែងម៉ាក скс ចំនួន ១ ដើម (កាត់ស្វាយ)។
៧.អាវុធវែងប្រើខ្យល់ ចំនួន ៣ ដើម
៨.អាវុធខ្លី ម៉ាករ៉ូឡូ ចំនួន ១ ដើម
៩.បង់ AK ចំនួន ២៩ បង់
១០.បង់ M16 ចំនួន ១៤ បង់
១១.គ្រាប់មួយចំនួនធំ មាន០៥ ប្រភេទ (គ្រាប់ AK47, គ្រាប់ M16, គ្រាប់ 9MM, គ្រាប់ 22, គ្រាប់ 380, និងគ្រាប់សំណរមួយចំនួន)
១២.សម្ភារៈ កែច្នៃអាវុធមួយចំនួន ។
ជំហានទី ២ សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅបន្ទប់ផ្នែកខាងលើមាន៖
១ អាវុធវែង ម៉ាក AK47 ចំនួន ០៣ ដើម (ស្វាយបត់)។
២-អាវុធវែង ម៉ាក M16 ចំនួន ០៣ ដើម ។
៣-អាវុធវែង ម៉ាក AK47 ចំនួន ០២ ដើម ។
៤-អាវុធវែង បាញ់សត្វ ចំនួន ១៦ ដើម ។
៥-អាវុធវែង ប្រើខ្យល់ ចំនួន ០២ ដើម។
៦-សម្ភារៈ កែច្នៃអាវុធមួយចំនួន ។
៧-កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះសាន់ ភ័ណ្ឌ ភេទស្រី យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសួរនាំ ដោយក្រៅពីវត្ថុតាងខាងលើ សមត្ថកិច្ចយើងមិនបានដកហូតសម្ភារអ្វីផ្សេងទៀតឡើយ ៕
មួន រិទ្ធីយ៉ា(៩៥)




